ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានប្រទះឃើញម៉ូតូម៉ាក ហុងដាស្គូពី មួយគ្រឿង ត្រូវជនមិនស្គាល់អត្តសញ្ញាណ យកមកប្លុងចោលនៅគុម្ពត្រែងតាមបណ្តោយផ្លូវលេខ៦០ម៉ែត្រកាលពីម៉ោង១១ព្រឹក ថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជនីភ្នំពេញ លុះក្រោយមកទើបស្រាវជ្រាវដឹងថា ម៉ូតូនេះជាម៉ូតូជនរងគ្រោះម្នាក់ដែលក្រុមចោរ៤នាក់ ភ្ជង់ប្លន់កាលពីយប់មិនបានសម្រេចគ្រាដែលជនរងគ្រោះភ័យពេកជិះគេចខ្លួនយកម៉ូតូផ្តួលចោលក្នុងកម្ពោតព្រៃហើយហែលទឹកឆ្លងទៅត្រើយម្ខាងបាត់។
ម៉ូតូខាងលើនេះ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរបានប្រទះឃើញនោះ ម៉ាកហុងដាស្គូពី ពណ៌ស លាយក្រហម ពាក់ស្លាកលេខ កណ្តាល 1Q-5653 ដោយឃើញនៅក្នុងវាលត្រែងមួយកន្លែង ដោយពុំឃើញមានម្ចាស់នោះឡើយហើយ ដោយមានការសង្ស័យ ទើបរាយការណ៍ជូនសមត្ថកិច្ចននគរបាលមូលដ្ឋានតែម្តង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ជើងឯក បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវទើបដឹងថា ជាម៉ូតូជនរងគ្រោះឈ្មោះ សុខ គា ភេទប្រុស អាយុ២៣ឆ្នាំ មកអះអាងថាម៉ូតូនេះជាម៉ូតូរបស់ ខ្លួនដែលត្រូវចោរ៤នាក់ជិះម៉ូតូមិនស្គាល់ម៉ាកនិងស្លាកលេខពីរគ្រឿងមកជិតរួចយកកាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់កាលពីយប់។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ករណីនេះកើតឡើងនៅអំឡុងម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៧ នៅចំណុចខាងលើគ្រាដែលខ្លួនជិះម៉ូតូតែ ម្នាក់ឯងត្រឡប់ទៅផ្ទះ។ ពេលនោះខ្លួនភ័យពេក ក៏បន្ថែមល្បឿនទៅមុខរួចឃើញមានព្រៃមួយ នៅក្បែរនោះងងឹតឈឹងក៏ជិះម៉ូតូចូលរួចពន្លត់ម៉ាស៊ីនផ្តួលម៉ូតូចោលក្នុងព្រៃរត់គេចទៅហែលឆ្លងអូរ មួយទៅត្រើយម្ខាងគេចពីក្រុមចោរ។ បន្ទាប់មកគាត់ឮសំឡេងម៉ូតូត្រូវក្រុមចោរបញ្ឆេះជិះចេញទៅបាត់ ទើបអស់សង្ឃឹមថាម៉ូតូរបស់ខ្លួនត្រូវចោរជិះយកទៅបាត់ហើយទើបមិនទាន់ទៅប្តឹងសមត្ថកិច្ចឲ្យជួយរក តែដឹងអីថា ម៉ូតូរបស់គាត់នៅដួលក្នុងព្រៃរហូតប្រជាពលរដ្ឋឃើញបង្កការភ្ញាក់ផ្អើលបែបនេះឡើយ ៕ ប្រាថ្នា