ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបង្កម៉ាក FU SO បើកបុករះរថយន្តភេសជ្ជៈM-150 និងរុឺម៉កម៉ូតូរួមទាំងបង្កឲ្យបុរសម្នាក់បាក់ភ្លៅរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកFU SO មួយគ្រឿង បានបើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកភេសជ្ជៈ M-150 ពីក្រោយ និងបន្តទៅបុករុឺម៉កម៉ូតូថែមទៀត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវ២១៧ កែងផ្លូវច្រកចូលផ្លូវបឹងតាម៉ាត ស្ថិតក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសរងគ្រោះដែលជាម្ចាស់រុឺម៉កម៉ូតូមានឈ្មោះ ថៃ រ៉ូ អាយុ១៩ឆ្នាំ មុខរបរអ្នករុឺម៉ក ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបានរបួសបាក់ភ្លៅឆ្វេង រងរបួសធ្ងន់។ រីឯអ្នករងគ្រោះបើករថយន្តដឹកភេសជ្ជៈM-150 មានឈ្មោះ នួន សេងហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ដោយឡែកអ្នកបើករថយន្តបង្កម៉ាកFU SO បានចុះរត់គេចខ្លួនបាត់ បានបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

តាមសាក្សីដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ មានបុរសម្នាក់ រួមដំណើរជាមួយមនុស្សស្រីម្នាក់ បានបើករថយន្តសាំយុង ដែលជារបស់ក្រុមហ៊ុនដឹកភេសជ្ជៈ M-150 ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2I .0523 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានសុីញ៉ូបត់ឆ្វេង បំរុងចូលទៅផ្លូវបឹងតាម៉ាត ភ្លាមនោះក៏ត្រូវបានរថយន្តបង្កម៉ាកFU SO ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-1111 បានបើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿន ហើយចាប់ហ្វាំងមិនទាន់ក៏បុករថយន្តសាំយុងពីក្រោយពេញទំហឹងធ្វើឲ្យរថយន្តសាំយុងនោះវិលត្រឡប់ក្រោយវិញរងការខូចខាតយ៉ាងដំណំ ដោយឡែករថយន្តបង្កម៉ាកFU SO នៅមិនទាន់អស់ល្បឿន ក៏ទៅបុករុឺម៉កម៉ូតូពីក្រោយទៀត បណ្ដាលឲ្យបុរសម្នាក់របួសបាក់ភ្លៅខាងឆ្វេងរងរបួសធ្ងន់ ភ្លាមៗអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តបង្កនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ បុរសម្នាក់ដែលជាម្ចាស់រុឺម៉ក់ម៉ូតូហើយរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជន សួគ៌ា ដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានជំនាញខាងចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះរួមទាំងរុឺម៉កម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖