ព័ត៌មានទាន់ហេតុការណ៍៖

សំណុំ​រឿង​ឆបោក​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ ,​ តុលាការ​បើក​សវនាការ​ថ្ងៃ​ទី​២៦ឧសភា​

ចែករំលែក៖

ភ្នំពេញ៖ សំណុំ​រឿង​ឆបោក​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​នា​ថ្ងៃទី​២៦​ ខែ​ឧសភា​ ខាង​មុខ​នេះ​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​តំណាង​ដើម​បណ្ដឹង​​ ។

សវនាការ​នេះ​ ដឹកនាំ​ដោយ​លោក​ សេង​ លាង​ ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ គុជ​ គឹមឡុង​ ជា​តំណាង​អយ្យការ​ ។

ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ​មាន​ឈ្មោះ​ សួន​ មាន​ ឈ្មោះ​ ហង្ស​ សុខា​ និង​ឈ្មោះ​ សុខ​ ស៊ុនហេង​ ។​ ពួកគេ​ទាំង​៣នាក់​ ត្រូវ​បាន​លោក​ ប៊ុន​ ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ កន្លងទៅ​ ឃុំ​ខ្លួន​​​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឆបោក​ ។ ប៉ុន្តែ​ក្រោយ​មក​ ពួកគេ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ។

ចន្លោះ​ពេល​នេះ​ ប្រភព​ព័ត៌មាន​បង្ហើប​ថា​ជនជាប់ចោទ​ទាំង​៣នាក់​ ទំនង​ជា​មិន​ចូលរួម​សវនាការ​នេះ​ទេ​ ។

គួរ​បញ្ជាក់​ថា​ លោក​ ពុធ​ ធាវី​ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​៣នាក់​ក្នុង​សំណុំ​រឿង​ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារអាមេរិក​ ធ្លាប់​ចេញ​មុខ​មក​ធ្វើ​សន្និសីទ​សារព័ត៌មាន​​និង​បង្ហាញ​ឯកសារ​ការ​ពិត​មួយ​ចំនួន​ ដែល​លោក​មេធាវី​បញ្ជាក់​​ថា​ កូន​ក្តី​ទាំង​៣នាក់​ពុំ​បាន​ឆបោក​ប្រាក់​ដូច​ការ​ចោទប្រកាន់​​និង​យក​ឈ្មោះ​កូន​ថ្នាក់​ដឹកនាំ​មក​ប្រើ​ នោះ​ទេ​ ។

សមត្ថកិច្ច​ បាន​ឲ្យដឹងថា​ ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​ គឺ​ អ្នក​ស្រី​ សូ​ ណាវី​ កាលពី​ថ្ងៃទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៦​ កន្លងទៅ​ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ប្តឹង​ឈ្មោះ​ សួន​ មាន​ ឈ្មោះ​ ហង្ស​ សុខា​ និង​ឈ្មោះ​ សុខ​ ស៊ុនហេង​ ពី​បទ​ឆបោក​ប្រាក់​ចំនួន​​៩២៤.០០០ដុល្លារ​អាមេរិក​ (​កៅសិប​ពីរ​ម៉ឺន​បួន​ពាន់​ដុល្លារ​អាមេរិក​)។

យោង​តាម​ឯកសារ​ បាន​បង្ហាញ​ថា​ កាលពី​ថ្ងៃទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០១៤​ ឈ្មោះ​ សួន​ មាន​ ឈ្មោះ​ ហង្ស​ សុខា​ និង​ ឈ្មោះ​ សុខ​ ស៊ុនហេង​ ហើយ​នឹង​ឈ្មោះ​ អៀ​ ហុក​នីម​ ដែល​ជា​គណនី​របស់​ឈ្មោះ​ សូ​ ណាវី​ បាន​ចូលរួម​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ដើរ​ប្រមូល​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ចំណុច​ភូមិ​ស្ទឹង​ឆាយ​ ឃុំ​ស្ទឹង​ឆាយ​ ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះសីហនុ​ ។ ក្រោយ​មក​ទៀត​ ឈ្មោះ​ សួន​ មាន​ បាន​ព្រមព្រៀង​រៀប​ដី​លក់​ឲ្យ​ទៅ​ឈ្មោះ​ សូ​ ណាវី​ ដែល​មាន​ផ្ទៃ​ដី​ចំនួន​១,០១៨ហិចតា​ ដោយ​ក្នុង​មួយ​ហិចតា​តម្លៃ​២៣០០ដុល្លារ​អាមេរិក​ ។ ពេល​នោះ​ ពួកគេ​បាន​ធ្វើ​កិច្ចសន្យា​ទិញ​លក់​ត្រឹម​ត្រូវ​ ហើយ​ក្នុង​ការ​ទូទាត់​ប្រាក់​ត្រូវ​បាន​ធ្វើ​ជា​៣ដំណាក់​កាល​ ។

ឯកសារ​ដដែល​ បង្ហាញ​ថា​ នៅ​ពេល​ប្រគល់​ប្រាក់​ជា​បន្តបន្ទាប់​ ឈ្មោះ​ សូ​ ណាវី​ បាន​ក្រឡាស់​សម្តី​ថា​ ទិញ​ដី​តែ​ទំហំ​៥០០ហិចតា​វិញ​ ព្រោះ​ពុំ​មាន​លុយ​គ្រប់​ចំនួន​ ដែល​នៅ​ពេល​នោះ​ពួកគេ​ទាំង​៣នាក់​ បាន​រៀបចំ​ដី​គិត​ជា​ទឹក​ប្រាក់​ចំនួន​៥៣៧.០០០ដុល្លារ​អាមេរិក​ ។ សរុប​ទូទាត់​ទៅ​ ពួក​គេ​ទាំង​៣នាក់​នៅ​ជំពាក់​ឈ្មោះ​ សូ​ ណាវី​ ជាង​១០ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ ពុំ​មែន​ជិត​១លាន​ដុល្លារ​ ដូច​ការ​ចោទប្រកាន់​ នោះឡើយ​ ។

លោក​មេធាវី​ ពុធ​ ធាវី​ បាន​បន្ត​ថា​ រឿង​ហេតុអ្វី​បាន​ជា​អ្នក​ស្រី​ សូ​ ណាវី​ បែរ​ជា​ប្តឹង​កូន​ក្តី​ទាំង​៣នាក់​ទៅ​សមត្ថកិច្ច​ទៅ​វិញ​ ។ លោក​មេធាវី​ បន្ថែម​ថា​ ក្នុង​ប្រតិបត្តិការ​ទិញ​លក់​ដី​ រវាង​ភាគី​កូន​ក្តី​ ជា​មួយ​អ្នក​ស្រី​ សូ​ ណាវី​ ដោយ​មាន​កិច្ចសន្យា​ទិញ​លក់​ត្រឹម​ត្រូវ​ គឺ​ កូន​ក្តី​បាន​យក​ប្លង់​កម្មសិទ្ធិ​ដី​ធ្លី​ចំនួន​៥ប្លង់​ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក​ យក​មក​តម្កល់​ទុក​នៅ​ភាគី​សូ​ ណាវី​ ថែម​ទៀត​ ។

ជា​មួយ​គ្នា​នេះ​ លោក​ ហុក​ ម៉េង​ អ្នក​បកប្រែ​ភាសា​ចិន​ឲ្យ​ក្រុមហ៊ុន​ លី​ ហួយ​ បាន​បញ្ជាក់​ថា​ ទី​តាំង​ដី​នេះ​ គឺ​ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ដែល​បាន​ទិញ​ពី​អ្នក​ស្រី​ សូ​ ណាវី​ ដោយ​បាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​ហើយ​ ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ ដី​នេះ​ពិត​ជា​បាន​លក់​ឲ្យ​អ្នកស្រី​ សូ​ ណាវី​ ហើយ​អ្នក​ស្រី​ សូ​ ណាវី​ បាន​លក់​បន្ត​ឲ្យ​ក្រុមហ៊ុន​ចិន​ ដែល​ខុស​ទាំង​ស្រុង​ចំពោះ​ការ​ចោទប្រកាន់​ថា​ ពួកគេ​ទាំង​៣នាក់​ លក់​ដី​ខ្យល់​ឲ្យ​អ្នកស្រី​ សូ​ ណាវី​ ។

ទោះបី​យ៉ាងណា​ ពុំ​ទាន់​ស្វែង​រក​ការ​បញ្ជាក់​ពី​អ្នក​ស្រី​ សូ​ ណាវី​ បាន​នៅឡើយ​ទេ​ ។ ប៉ុន្ដែ​ កាលពី​ពេល​កន្លង​ទៅ​ អ្នក​ស្រី​ សូ​ ណាវី​ បាន​ចោទប្រកាន់​អ្នក​ទាំង​៣នាក់​ថា​ បាន​ឆបោក​ប្រាក់​ជិត​១លាន​ដុល្លារ​ ៕​ ចេស្តា


ចែករំលែក៖