ខេត្តកំពង់ស្ពឺ ៖ ឈើធ្នង់ជាច្រើនដុំ ដែលឈ្មួញបានបន្លំដឹកតាមឡានបែនចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ គោលបំណងឆ្ពោះទៅក្រុងច្បារមន ត្រូវបានខាងអង្គការវ៉ាយអេតតាមស្ទាក់ចាប់បានទាំងថ្ងៃនៅក្បែរស្នាក់ការដែនជម្រ្សត្វព្រៃភ្នំឱរ៉ាល់តែម្តង ។
ការស្ទាក់ចាប់នេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤៤ នៅចំណុចភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពពីមន្ត្រីអង្គការវ៉ាយអេដ ប្រាប់ថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីមន្ត្រីអាវុធហត្ថស្រុកឱរ៉ាល់អំពីសកម្មភាពដឹកឈើរបស់ក្រុមឈ្មួញ កម្លាំងរបស់ខាងអង្គការបានត្រៀមលក្ខណៈចាំឃ្លាំមើលរហូតប្រទះឃើញរថយន្តមុខសញ្ញាក៏បង្ក្រាបនៅក្បែរស្នាក់ការ ដែនជំរកសត្វព្រៃភ្នំឱរ៉ាលតែម្តង ។
រថយន្តដែលខាងអង្គការឃាត់បានជារថយន្តម៉ាកនីសសាន់(បែន ចំណុះ៥តោន) ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ KPS.0396 ដឹកឈើ ប្រភេទធ្នង់ ជាច្រើនដុំពេញទ្រុងរថយន្ត (អ្នកបើកបរ ចុះរត់គេចខ្លួនបាត់) ។ បច្ចុប្បន្ន ឈើមិនទាន់បាន វាស់វែងនៅទ្បើយ ត្រូវបានយកមករក្សាទុកនៅ ស្នាក់ការ អង្គការវ៉ាយអេត ស្ថិតនៅឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រជាពលរថ្ឋបានលើកឡើងថា វាមិនមែនលើកទី១ទេ ដែលការបង្ក្រាបឈើរបស់សមត្ថកិច្ចផ្សេងៗធ្វើឡើងក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះ ។ មិនដឹងថា តើអស់លោកមន្ត្រីឧទ្យានុរ័ក្សដែលខាងក្រសួងដាក់មកឲ្យបំបម្រើការងារដើម្បីការពារព្រៃឈើរវល់កិច្ចការអ្វីខ្លះនោះទេ ទើបបានជាឈ្មួញដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាដែនសមត្ថកិច្ចរបស់ខ្លួនទាំងថ្ងៃបានយ៉ាងរំភើយបែបនេះ? មហាជនបានរិះគន់ថា សង្ស័យក្រុមមន្ត្រីឧទ្យានុរ័ក្សទាំងនោះដេកលក់ទាំងថ្ងៃហើយមើលទៅបានជាមិនដឹងថា ឈ្មួញចូលកាប់ និងដឹកឈើចេញពីដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងស្រួលបែបនេះ។
ជាងនេះទៅទៀត ការដែលមានសេចក្តីរាយការណ៍ដើម្បីបង្ក្រាបនេះ គឺសង្ស័យថា ផ្តើមចេញពីរឿងលាភសក្ការៈប៉ុណ្ណោះ ព្រោះអ្នកណាក៏ដឹងដែរថា រឿងឈ្មួញដឹកឈើគឺទាក់ទងជាមួយមេៗគ្រាក់ៗអស់ហើយ ធ្វើឲ្យមេរងៗ និងកូនចៅចង់ដាច់បាយ ទើបកូនចៅរាយការណ៍ឲ្យចាប់បែបនេះ បើមិនដូច្នោះទេ កុំសង្ឃឹមថា ដឹងមុខសញ្ញាហើយចាប់បានឲ្យសោះ ។
បើតាមមន្ត្រីនគរបាលមួយរូបនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា តាមពិតសមត្ថកិច្ចបានស្គាល់ និងដឹងមុខសញ្ញាឈ្មួញទាំងនោះច្បាស់ណាស់ តែគេមិនចង់ចាប់មនុស្សដាក់គុកទេ គឺយកតែឡាន និងឈើរឹបអូសជាសម្បត្តិរដ្ឋគឺគ្រប់គ្រាន់ហើយ ។ មិនយូរនោះទេ ព្រៃឈើក្នុងដែនជំរកសត្វព្រៃច្បាស់ជារលាយហិនហោចជាក់ជាមិនខានឡើយ ដោយសារតែភាពខ្វះមនសិការរបស់ក្រុមមន្ត្រីឧទ្យានុរ័ក្យនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះតែម្តង ។
ពលរដ្ឋសំណូមពរដក់លោក វ៉ី សំណាង ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមចាត់វិធានការចំពោះមន្ត្រីឧទ្យានុរ័ក្សទាំងនោះផង បើបណ្តែតបណ្តោយតទៅទៀត ព្រៃឈើដែលជាជំរកសត្វនេះ មិនអាចសេសសល់សម្រាប់សត្វព្រៃស្នាក់នៅដើម្បីបន្តពូចបានទៀតឡើយ ៕ សេនាស័ក្តិ