ភ្នំពេញ៖ នៅក្នុងពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ ២០១៧ នៃសង្កាត់ទាំង ៤ របស់រដ្ឋបាលខណ្ឌ សែនសុខ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមវត្តមាន លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានលើកឡើងឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៦ កន្លងមករដ្ឋបាលខណ្ឌសែនសុខ និងសង្កាត់ទាំង ៤ បានខិតខំ កែលម្អសោភ័ណ្ឌភាព កសាងហេដ្ឋារចនា សម្ព័ន្ធ រូបវន្ត ដូចជា ការសាងសង់ ជួសជុល ផ្លូវបេតុង បាន ចំនួន ៩ ខ្សែ ប្រវែង ២៨១០ម៉ែត្រ ដាក់ប្រព័ន្ធលូបង្ហូរទឹក បាន ចំនួន ៦ខ្សែ ប្រវែង ១៧៧០ម៉ែត្រ អ៊ុត កៅស៊ូ AC បាន ចំនួន ១ខ្សែ ប្រវែង ៥៧០ម៉ែត្រ និងដាក់លូ ប្រអប់ជ្រុង មុខ ៣ បាន ១កន្លែង បណ្តោយ មានប្រវែង ៩, ៦ម៉ែត្រ និងទទឹង ៥, ៩ម៉ែត្រ ។
លោក ប៉ឹល កុសល ថ្លែងបន្តថា ការអនុវត្តន៍គម្រោងមូលនិធិខណ្ឌ ឆ្នាំ២០១៦ អនុវត្តបាន ការស្ថាបនាផ្លូវបេតុង បាន ចំនួន ៣ខ្សែ ប្រវែង ១៧០៦ម៉ែត្រ ដាក់ប្រព័ន្ធលូ បាន ចំនួន ៣ខ្សែ ប្រវែង ១០៣២ម៉ែត្រ អ៊ុកៅស៊ូ AC បាន ចំនួន ១ខ្សែ ប្រវែង ៥៧០ម៉ែត្រ ។ ដោយឡែក ការអនុវត្តគម្រោងមូលនិធិសង្កាត់ ឆ្នាំ២០១៦ អនុវត្តបាន ការស្ថាបនាផ្លូវបេតុង បាន ចំនួន ៦ខ្សែ ប្រវែង ១១០៤ម៉ែត្រ ដាក់ប្រព័ន្ធលូរំដោះទឹក បាន ចំនួន ៣ខ្សែ ប្រវែង ៧៣៨ម៉ែត្រ និងដាក់ប្រព័ន្ធលូប្រអប់ជ្រុងមុខ៣ បាន ១កន្លែង បណ្តោយ ប្រវែង មានប្រវែង ៩, ៦ម៉ែត្រ និងទទឹង ៥, ៩ម៉ែត្រ ។
លោកអភិបាលបានថ្លែងបន្តទៀតថា សមិទ្ធិផលទាំងអស់នេះ បានធ្វើឲ្យភូមិសាស្រ្តខណ្ឌសែនសុខទាំងមូល មានការអភិវឌ្ឍន៍ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ ដល់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋទូទាំងខណ្ឌ មានការគាំទ្រ និងទទួលបាននូវភាពកក់ក្តៅលើការយកចិត្ត ទុកដាក់របស់រដ្ឋបាលខណ្ឌសែនសុខ ពិសេសក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោក អភិបាលរាជ ធានីភ្នំពេញ ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋានខណ្ឌសែនសុខ។ ដោយឡែក គម្រោងមូលនិធិអភិវឌ្ឍន៍ សង្កាត់ ទាំង ៤ ក្នុងឆ្នាំ ២០១៧ ដែលដាក់ឲ្យដេញថ្លៃនាពេលនេះ គឺសម្រាប់យកទៅធ្វើការអភិវឌ្ឍន៍បន្តទៀត រួមមាន គម្រោងស្ថាបនា ទាំងផ្លូវបេតុង មានឆ្អឹងដែក និង ផ្លូវបេតុង គ្មានឆ្អឹងដែក ក៍ដូចជា គម្រោងដាក់ប្រព័ន្ធលូបង្ហូរទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ ជាដើម ៕ តុង សីហា