ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ានព្រួយបារម្ភយ៉ាងខ្លាំងក្រោយក្រុម IS អុកឡុក

ចែករំលែក៖

ការវាយប្រហារនៅក្នុងប្រទេសហ្វុីលីពីន និងឥណ្ឌូនេស៊ីនាពេលនេះបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រទេសនៅក្នុងតំបន់ពីការ រីករាលដាលនៃ ក្រុមIS បង្កអសន្តិសុខនៅក្នុងតំបន់ទាំងមូល។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុម IS បានចេញមុខទទួលស្គាល់ពីការវាយ ប្រហារនៅចំណតរថយន្តក្រុងនៅទីក្រុងហ្សាការតា កាលពីថ្ងៃទី២៤ ខែឧសភា បណ្តាលឲ្យប៉ូលិស៣នាក់ស្លាប់ និង១២ នាក់ទៀតរងរបួស។

គេហទំព័រ Amaq របស់ក្រុម IS បានផ្សាយថា «អ្នកដែលវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកនៅប្រទេសឥណ្ឌូនេស៊ី ជាសមាជិកទាហាន IS ។ ការវាយប្រហារខាងលើជាការវាយប្រហារទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះចាប់តាំងពីខែមករា ឆ្នាំ២០១៦។ កាលពីដើម ឆ្នាំ២០១៦ ពួកភេរវករបានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានជនវាយប្រហារអត្តឃាតដល់ទៅ៤នាក់ក្នុងទីក្រុងហ្សាការតា។

ការវាយប្រហារនៅក្នុងប្រទេសឥណ្ឌូនេស៊ីកើតឡើងចំពេលដែលក្រុម IS វាយ ប្រហារដណ្តើមគ្រប់គ្រងទីក្រុង Marawi ប្រទេសហ្វុីលីពីន។ សកម្មភាពចលាចល នៅក្នុងទីក្រុង Marawi កាន់តែធ្ងន់ធ្ងរពី១ថ្ងៃ ទៅ១ថ្ងៃ ធ្វើឲ្យពលរដ្ឋរាប់សិបពាន់នាក់ បានរត់ចេញពីផ្ទះសម្បែងទៅកាន់តំបន់ មានសុវត្ថិភាពដោយសារតែក្រុមភេរវកម្មជិតស្និទ្ធជាមួយក្រុមភេរវកម្មIS ដែល ដណ្តើមគ្រប់គ្រងទីក្រុងនេះ។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុម ISស្ថិតនៅពីក្រោយសកម្មភាពចលាចលនៅទីក្រុង Marawi លើកោះ Mindanao ។ ប្រធានាធិបតីហ្វុីលីពីនបានប្រកាសអនុវត្តច្បាប់អាជ្ញាសឹកនៅទីនោះដើម្បីរារាំងក្រុមភេរវកម្ម។

អំពើហិង្សាក្នុងទីក្រុង Marawi កើតឡើងតាំងពីដើមសប្តាហ៍ក្រោយពេលក្រុមភេរវកម្មនៅក្នុងតំបន់គឺក្រុម Maute បើកការ វាយប្រហារទៅលើកម្លាំងសន្តិសុខ ហើយ ប្រកាសគ្រប់គ្រងទីក្រុង។ ក្រុម Maute បាន ប្រកាសស្មោះត្រង់ជាមួយក្រុម IS ហើយមានបំណងចង់បង្កើតទីតាំងគ្រប់គ្រងរបស់ខ្លួននៅក្នុងប្រទេសនេះទៀតផង។

កន្លងមកការវាយប្រហារនៅក្នុងមន្ទីរពេទ្យប្រទេសថៃក៏ត្រូវបានប៉ូលិសប្រទេសនេះសន្និដ្ឋានថាជាស្នាដៃក្រុមភេរវកម្ម IS ផងដែរ។

ប្រទេសក្នុងតំបន់អាស៊ានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការលុកលុយរបស់ក្រុមភេរវ កម្ម IS នៅក្នុងតំបន់នេះ បច្ចុប្បន្នមាន ប្រទេសមួយចំនួននៅក្នុងតំបន់មានការ វាយប្រហារពីក្រុម IS ក្នុងនោះមានហ្វុី លីពីន ឥណ្ឌូនេស៊ី ថៃជាដើម។

ក្រុមអ្នកឯកទេសលើកឡើងថា គោល ដៅរបស់ក្រុមភេរវកម្ម IS គឺបង្កើតប្រទេសនៅក្នុងតំបន់អាស៊ានមានសុវត្ថិភាពជាងនៅតំបន់មជ្ឈិមបូព៌ាដោយអាចរួចផុតពី ការវាយប្រហាររបស់លោកខាងលិច។ ភាគច្រើនក្រុម IS នៅប្រទេសក្នុងតំបន់ អាស៊ានលាក់ខ្លួននៅក្នុងព្រៃជ្រៅជាផលលំបាកនៅក្នុងការវាយប្រហារពីកម្លាំង ទាហានរដ្ឋាភិបាល។

បច្ចុប្បន្នទីតាំងរបស់ក្រុម IS ក្នុង ប្រទេសស៊ីរី និងអុីរ៉ាក់មិនមានសុវត្ថិភាពដោយរងការវាយប្រហារជាបន្តបន្ទាប់ពី កម្លាំងទាហានចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក៕ ម៉ែវ សាធី


ចែករំលែក៖