ភ្នំពេញ: ជនអន្តោរប្រវេសន៍វៀតណាម ចំនួន ២៩នាក់ ត្រូវបានកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ឃាត់ខ្លួននៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីត្រួតពិនិត្យឯកសារចូលមកស្នាក់នៅនិងធ្វើការក្នុងប្រទេសកម្ពុជា បើពិនិត្យឃើញថាគ្មានឯកសារគ្រប់គ្រាន់ទៅតាមច្បាប់អន្តោរប្រវេសន៍ទេនោះប្រឈមនឹងការបណ្តេញចេញទៅប្រទេសដើមវិញ ។
យុទ្ធនាការចុះត្រួតពិនិត្យជនអន្តោប្រវេសន៍ឈនដល់ការឃាត់ខ្លួនជនជាតិវៀតណាម ទាំង ២៩នាក់នេះ បានធ្វើឡើងកាលវេលាម៉ោង ប្រមាណ ៩ និង១៥នាទី ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌមានច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចអន្តោប្រវេសន៍ប្រាប់ឲ្យដឹងថា ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះត្រួតពិនិត្យគោលដៅ ស្ថិតតាមបណ្តោយមាត់ទន្លេ ផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌមានច្បារអំពៅ រាជធានីភ្នំពេញ ជាលទ្ធផលពិនិត្យឃើញមានជនបរទេសចំនួន ២៩ នាក់ ស្រី ០៧នាក់ ជាជនជាតិនីវៀតណាម គ្មានឯកសារត្រឹមត្រូវ ពួកគាត់បានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ប្រភពព័ត៌មានដដែលប្រាប់បន្តថា ជនបរទេសខុសច្បាប់ ទាំង ២៩ នាក់ ( ស្រី ០៧ នាក់ ) បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី៕ សណ្តោស