ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ជួយ​ឲ្យ​យុវជន​ម្នាក់​ដែល​ឪពុក​អះអាងថា​មាន​ជំងឺ​វិកលចរិត​ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ចែករំលែក៖

កណ្ដាល​៖ ​ដូច​ការ​សន្យា​របស់​លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ,​ យុវជន​ម្នាក់​ដែល​ឪពុក​អះអាងថា​មាន​ជំងឺ​វិកលចរិត​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ នេះ​ ។

លោក​ ហៀច​ ណាវ​ ជា​ឪពុក​យុវជន​ឈ្មោះ​ ម៉េង​ ខ្លូត​ អាយុ​២២ឆ្នាំ​ បញ្ជាក់​ថា​ តុលាការ​សម្រេច​ដោះលែង​ឲ្យ​កូន​ប្រុស​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ​ បន្ទាប់​ពី​កញ្ញា​អ៊ី​ ម៉ាណូកា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ជិត​មួយ​ខែ​រួច​មក​ ។

សាវតារ​រឿង​ ៖

មន្ត្រី​ពន្ធនាគារ​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា​ ឈ្មោះ​ ម៉េង​ ខ្លូត​ ដែល​ឪពុក​អះអាងថា​មាន​ជំងឺ​វិកលចរិត​កំពុង​មាន​ស្ថានភាព​មិន​ស្រួល​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​ជំនាញ​ទៀងទាត់​ ។​ ឪពុក​ដែល​ជា​កម្មករ​សំណង់​ ភ័យខ្លាច​ក្រែង​កូន​ប្រុស​ស្លាប់​ក្នុង​ពន្ធនាគារ​ ដោយ​ទទូច​ឲ្យ​កញ្ញា​ អ៊ី​ ម៉ាណូកា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដោះលែង​ឲ្យ​កូន​ប្រុស​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ លោក​ ហុក​ វ៉ាន់​ធីណា​ ប្រធាន​សាលាដំបូង​ខេត្ត​កណ្តាល​ បាន​ទទួល​យក​សំណូមពរ​របស់​ឪពុក​ជា​កម្មកររូប​​នេះ​ និង​ សន្យា​ជួយ​ដោះស្រាយ​តាម​នីតិវិធី​ ខណៈ​ឪពុក​បាន​ក្រាប​សំពះ​នៅ​មុខ​បន្ទប់​ប្រធាន​សាលា​ដំបូង​ ។

លោក​ ហៀច​ ណាវ​ អាយុ​៤៤ឆ្នាំ​ មាន​ទីលំនៅ​​ភូមិ​ពេជ្ជនា​ ឃុំ​បន្ទាយ​មាស​ខាង​កើត​ ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​ ហើយ​មក​ធ្វើ​ការ​សំណង់​នៅ​កោះ​ពេជ្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​ឧសភា​ បាន​មក​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ម្តង​ទៀត​ ដើម្បី​សុំ​ជួប​ចៅក្រម​ តែ​គ្មាន​ភ័ព្វសំណាង​បាន​ជួប​ទេ​ ដោយសារ​កញ្ញា​អ៊ី​ ម៉ាណូកា​ កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ ។

លោក​ ណាវ​ បាន​បង្ហាញ​ឯកសារ​មួយ​ច្បាប់​ដែល​ទើប​សុំ​បាន​ពី​មន្ត្រី​តុលាការ​ ដែល​បញ្ជាក់​ពី​ស្ថានភាព​កូន​ប្រុស​ ។

លិខិត​បញ្ជាក់​សុខភាព​ចេញ​ដោយ​ វរៈ​អគ្គា​នុរក្ស​លេខ​១​ វេជ្ជបណ្ឌិត​ ហែម​ កុសល​ អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​ ទទួល​បន្ទុក​សេវា​សុខភាព​ ចុះ​ថ្ងៃ​ទី​១៨​ ខែ​ឧសភា​ បញ្ជាក់​ថា​ ជនជាប់ឃុំ​ឈ្មោះ​ ម៉េង​ ខ្លូត​ ហៅ​ ណាវ​ ខ្លូត​ ភេទ​ប្រុស​ អាយុ​២២ឆ្នាំ​ ត្រូវបាន​ឃុំ​ខ្លួន​កាលពី​ថ្ងៃទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥៧៨​ អ.ក​ ចុះ​ថ្ងៃ​ទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ របស់​សាលាដំបូង​ខេត្ត​កណ្តាល​ ពី​បទ​លួច​ (លួច​ម៉ូតូ​)។

អនុប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​ លោក​ ហែម​ កុសល​ បន្ថែម​ថា​ ឈ្មោះ​ ម៉េង​ ខ្លូត​ មាន​សភាព​រវើរវាយ​ ដេក​មិន​លក់​ ហូបបាយ​មិន​បាន​ និង​ មាន​ស​ភាព​ភ័យខ្លាច​ ។​ តាម​យោបល់​គ្រូពេទ្យ​ ឈ្មោះ​ ម៉េង​ ខ្លូត​ ត្រូវ​ការ​តាមដាន​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ឲ្យ​បាន​ទៀងទាត់​ ។

កន្លង​មក​ ឳពុក​ជា​កម្មករ​សំណង់​សំពះ​អង្វរ​ស្រក់​ទឹកភ្នែក​ សុំ​ឲ្យ​កញ្ញា​ អ៊ី​ ម៉ាណូកា​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដោះលែង​កូន​ប្រុស​ ដែល​លោក​អះអាងថា​ មាន​ជំងឺ​វិកលចរិត​ ។​ លោក​ ភ័យខ្លាច​ថា​ កូន​ប្រុស​អាច​ស្លាប់​ក្នុង​ពន្ធនាគារ​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ​នោះ​ ។

លោក​ ហៀច​ ណាវ​ អាយុ​៤៤ឆ្នាំ​ បញ្ជាក់​​ថា​ កូន​ប្រុស​ឈ្មោះ​ ម៉េង​ ខ្លូត​ អាយុ​២២ឆ្នាំ​ មាន​ជំងឺ​នេះ​ជាង​៣ឆ្នាំ​ហើយ​ ។​ កូន​ប្រុស​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​ ឃាត់ខ្លួន​ពាក់ព័ន្ធ​បទល្មើស​លួច​ម៉ូតូ​ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ ។

លោក​ បន្តថា​ បច្ចុប្បន្ន​កូន​ប្រុស​មាន​អាការៈ​ធ្វើ​ទុក្ខ​ខ្លាំង​ ហើយ​លោក​បារម្ភ​ខ្លាច​កូន​អាច​ស្លាប់​ក្នុង​ពន្ធនាគារ​ ។​ លោក​សុំ​យ៉ាង​ទទូច​សុំ​ឲ្យ​តុលាការ​ដោះលែង​កូន​ប្រុស​ផង​ ។

យោង​តាម​វិញ្ញាបនបត្រ​សុខភាព​ ចេញ​ដោយ​លោក​វេជ្ជបណ្ឌិត​ គឹម​ ចាន់​ថន​ គ្រូ​ពេទ្យ​ព្យាបាល​បម្រើ​ការ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវ​ចិត្ត​ សាន់រ៉ាយ​ កាលពី​ថ្ងៃទី​១​ ខែ​ឧសភា​ បញ្ជាក់​ថា​ ឈ្មោះ​ ម៉េង​ ខ្លូត​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​០៩​ ខែ​មីនា​ ឆ្នាំ​១៩៩៤​ មាន​ជំងឺ​វិកលចរិត​ បាន​ទទួល​ការ​ព្យាបាល​ចាប់​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០១៥​ និង​ កំពុង​បន្ត​ការ​ព្យាបាល​ ៕ ចេស្តា


ចែករំលែក៖