ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌ ឫស្សីកែវ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បានដឹកនាំចៅសង្កាត់ស្វាយ ប៉ាកលោក ហ៊ូ សាម៉ន ដែលជាបេក្ខភាពប្រធានក្រុមប្រឹក្សារួមជាមួយក្រុមហ៊ុនធ្វើ ផ្លូវ ចុះទៅត្រួតពិនិត្យនិងបានជួសជុល ឡើង វិញលើកំណាត់ផ្លូវ១ខ្សែ ដើម្បីសម្រួល ទាំងជីវភាព ក៏ដូចជាមានភាពងាយស្រួល ធ្វើដំណើរចេញចូលនៅពេលមានភ្លៀង ធ្លាក់ម្ដងៗ ជូនប្រជាពលរដ្ឋជាច្រើន គ្រួសារ ដែលរស់នៅតាមច្រកចូលវិទ្យា ល័យ ជា ស៊ីម ចំរើនរដ្ឋ ត្រង់ចំណុចកំណាត់ ផ្លូវលេខ៣០០ កែងផ្លូវជាតិលេខ៥ ស្ថិត ក្នុងក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយ ប៉ាក ខណ្ឌឫស្សីកែវ ។
លោក ជា ពិសី បានបញ្ជាក់ថា ចំពោះ កំណាត់ផ្លូវ១ខ្សែនេះកំពុងរងការខូចខាតយ៉ាងដំណំ ហើយត្រូវបានជួសជុលឡើង វិញ ជូនប្រជាពលរដ្ឋមានភាពងាយស្រួល ។ ក្នុងការធ្វើដំណើរនេះ លោកនឹងសន្យាកែប្រែផ្លូវដី១ខ្សែនេះឲ្យទៅជាផ្លូវបេតុងឆ្អឹងដែក ក្នុងឆ្នាំ២០១៨ខាងមុខឲ្យបានក្នុង គ្រាដែលលោកទទួលបានដំណឹងភ្លាមៗ ពីបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ស្វាយប៉ាក លោក ហ៊ូ សាម៉ន នៅថ្ងៃទី២៥ ខែ ឧសភាថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើការ ពិបាកធ្វើដំណើរពេលមានភ្លៀងធ្លាក់ ម្ដងៗ ។ ព្រោះតែផ្លូវរងការខូចខាតច្រើន ទើបលោកឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការណ៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី បានបញ្ជាក់ទៀតថា ពាក់ព័ន្ធការជួសជុលផ្លូវដី១ខ្សែនេះ លោក ហ៊ូ សាម៉ន បានយកចិត្តទុកដាក់ស្នើសុំយ៉ាង ទទូចមកសាលាខណ្ឌឫស្សីកែវ ក្នុងការ ស្ថាបនាផ្លូវ ហើយគ្រាន់តែជាជំហានដំបូងបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះលោកនឹងសន្យាស្ថាបនាផ្លូវដី១ខ្សែនេះឲ្យទៅជាផ្លូវ បេតុងឆ្អឹងដែកជូនប្រជាពលរដ្ឋឲ្យបាន ក្នុងឆ្នាំ២០១៨ខាងមុខ ស្របពេលដែលថវិការបស់រដ្ឋបាលខណ្ឌឫស្សីកែវបច្ចុប្បន្នបាន អស់ទៅហើយទើបពន្យារពេល ។
លើសពីនេះលោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន នានា ដែលកំពុងប្រើប្រាស់ផ្លូវ ពិសេសក្រុមហ៊ុនដឹកជញ្ជូនដីមេត្តាកុំដឹកឲ្យលើសចំណុះ ដែលបណ្ដាលឲ្យខូចផ្លូវ ហើយក៏សូមអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ មេត្តាជួយ គាំទ្រជូនលោក ហ៊ូ សាម៉ន ដោយទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ឲ្យបានគ្រប់ៗគ្នាផងដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ៕ អារុណរះ