ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប.៖ ការឃោសនាបោះឆ្នោតរយៈពេលមួយសប្ដាហ៍មានភាពល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កាល ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧បានឲ្យ ដឹងថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិ ទី៤រយៈពេល៦ថ្ងៃមកនេះមានមនុស្សចំនួន២នាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលម្នាក់ជាបេក្ខជនរបស់គណបក្ស សង្គ្រោះជាតិនៅខេត្តពោធិ៍សាត់និងម្នាក់ទៀតជាប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ដំណើរការប្រព្រឹត្តទៅនៃការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅទីស្នាក់ការ គ.ជ.ប.។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានថ្លែងថា «ខាងខេត្តបាត់ដំបងក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជាបានប៉ះទង្គិចដល់ប្រជាពលរដ្ឋម្នាក់បណ្ដាលឲ្យស្លាប់ នៅពេលទៅដល់មន្ទីរពេទ្យ ហើយខាង គណបក្សប្រជាជនក៏បានសន្យាថា ទទួលខុសត្រូវទាំងស្រុងទៅលើការស្លាប់នេះដែរ ហើយនៅក្នុងខេត្តពោធិ៍សាត់មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបេក្ខជន របស់ CNRP លំដាប់លេខរៀងទី៣ ស្លាប់ បាត់បង់ជីវិត» ។

អ្នកនាំពាក្យរូបនេះបានបន្តថា រយៈ ពេល៦ថ្ងៃនៃយុទ្ធនាការឃោសនាបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (ថ្ងៃទី២០-២៥ ខែឧសភា ឆ្នាំ២០១៧) គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះ ឆ្នោត (គឃ.សប) និងគណៈកម្មការរាជ ធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានទទួលបណ្ដឹងចំនួន៣៤បណ្ដឹងពីគណបក្សនយោបាយ ក្នុងនោះមាននៅខេត្ត បន្ទាយមានជ័យ២បណ្តឹង, ខេត្តបាត់ដំបង ២បណ្តឹង, ខេត្តកំពង់ឆ្នាំង១បណ្តឹង, ខេត្ត កំពង់ស្ពឺ១បណ្តឹង, ខេត្តកំពង់ធំ១១បណ្តឹង, ខេត្តព្រៃវែង៤បណ្តឹង, ខេត្តសៀមរាប៣ បណ្តឹង, ខេត្តស្ទឹងត្រែង២បណ្តឹង, ខេត្ត ស្វាយរៀង១បណ្តឹង, ខេត្តតាកែវ៣បណ្តឹង និងខេត្តប៉ៃលិន៤បណ្តឹង ហើយបណ្ដឹង ជិត៣០ក៏ត្រូវបានដោះស្រាយរួចរាល់ ហើយដែរ ។

ក្នុងចំណោមបណ្ដឹងទាំង៣៤នោះមាន ២៩បណ្ដឹងជាបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជានិង៥បណ្ដឹងទៀតជាបណ្ដឹង របស់គណបក្សសង្គ្រោះជាតិ។ បណ្ដឹង ដែលមានបញ្ហាធ្ងន់ជាងគេនោះមានចំនួន២បណ្ដឹងគឺបណ្ដឹងកើតនៅឃុំព្រៃខ្លា ស្រុក កោះអណ្តែត ខេត្តតាកែវ ដែលគណបក្ស ប្រជាជនកម្ពុជាប្ដឹងលើគណបក្សសង្គ្រោះជាតិពីបទរារាំងក្បួនឃោសនាបោះឆ្នោត របស់ខ្លួន។ រីឯគណបក្សសង្គ្រោះជាតិក៏ បានប្ដឹងទាស់ត្រឡប់ទៅគណបក្សប្រជា ជនកម្ពុជាវិញដែរពីបទបរិហារកេរ្តិ៍ដែល បណ្ដឹងនេះកំពុងដោះស្រាយនៅគណៈកម្ម ការខេត្តរៀបចំការបោះឆ្នោតនិងមួយបណ្ដឹងទៀតកើតឡើងនៅទីរួមខេត្តកំពង់ធំ រឿង គណបក្សសង្គ្រោះជាតិទាមទារសុំប្ដូរថ្ងៃឃោសនារបស់ខ្លួនដែលជាហេតុធ្វើឲ្យ មានបញ្ហាលំបាកដល់អាជ្ញាធរក្នុងការរៀបចំជូនពួកគេ ។

ទោះជាយ៉ាងណាទាំងគ.ជ.ប. និងអង្គ ការសង្គមស៊ីវិលសុទ្ធតែបានបញ្ជាក់ថា រយៈពេលមួយសប្ដាហ៍នៃការឃោសនាបោះឆ្នោតឃុំ-សង្កាត់នេះស្ថានភាពសន្តិ សុខ និងសុវត្ថិភាពនៃសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ មានភាពល្អប្រសើរ ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នៅសល់រយៈ ពេលតែ៧ថ្ងៃទៀតប៉ុណ្ណោះនឹងបិទបញ្ចប់នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដែលយុទ្ធនាការនេះមានគណបក្សនយោបាយចំនួន១២បានចូលរួមឃោសនារក សំឡេងឆ្នោតនៅតាមឃុំ-សង្កាត់ចំនួន ១.៦៤៦ ៕ ហេង សូរិយា


ចែករំលែក៖