ខេត្តក្រចេះ ៖ អង្គការ WCS ដែលជា អង្គការគាំពារសត្វព្រៃមួយក្នុងប្រទេស កម្ពុជា បានឲ្យដឹងពីលទ្ធផល នៃកាមេរ៉ា បង្កប់ក្នុងព្រៃរបស់ខ្លួនដែលបង្ហាញឲ្យ ឃើញពីសត្វព្រៃជាច្រើនប្រភេទ កំពុងមានវត្តមាននៅក្នុងព្រៃខេត្តក្រចេះ និងជម្រក សត្វព្រៃកែវសីមាខេត្តមណ្ឌលគិរី ។
តាមរយៈម៉ាស៊ីនថតរូបស្វ័យប្រវត្តិ របស់ក្រុមស្រាវជ្រាវ និងតាមដានសត្វព្រៃ អង្គការ WCS បានឲ្យដឹងនៅក្នុងសេចក្ដី ប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៧ថា នៅក្នុងតំបន់ខាងលើមានសត្វព្រៃកំពុងរស់នៅជាច្រើន ប្រភេទ ដូចជា ដំរីព្រៃ ខ្ទីង ទន្សោង ប្រើស ជ្រូកព្រៃ ឆ្មាដាវ ស្វាត្រោស ស្វាក្ដាម ស្វាអង្កត់ ប្រមា សំពោចធំ ក្ដាន់ញែ៉ងតូច ក្ងោក មាន់ទោ ប្រាក់ ប្រផេះ បៃតង និង សត្វស្លាបមួយចំនួនទៀត។
លោក សុត្រ វ៉ាន់ឌឿន ប្រធានក្រុម ស្រាវជ្រាវ និងជាអ្នកតាមដានសត្វព្រៃ របស់អង្គការ WCS បានលើកឡើងថា វត្តមានសត្វព្រៃទាំងនេះបានបង្ហាញកាន់តែ ច្បាស់ថា ដែនជម្រកសត្វព្រៃនេះជាតំបន់ការពារធម្មជាតិដ៏សំខាន់បំផុតនៅកម្ពុជា ក្នុងការអភិរក្សប្រភេទសត្វព្រៃសំខាន់ៗ ។ លោកបន្តថា ដែនជម្រកសត្វព្រៃកែវសីមា មានសារសំខាន់ជាសកល សម្រាប់ការ អភិរក្សប្រភេទពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿង ដែលកំពុងរស់នៅ ដែនជម្រកសត្វព្រៃនេះច្រើនជាងគេបង្អស់ ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និង សត្វស្លាបជាច្រើនផ្សេងទៀត ។
យ៉ាងណាក៏ដោយ ប្រធានក្រុមការងារ ស្រាវជ្រាវនៃ WCS រូបនេះក៏នៅបានសម្ដែងការព្រួយបារម្ភផងដែរ ពីបញ្ហាប្រឈម នានាចំពោះសត្វព្រៃទាំងនោះ ដូចជាការ បរបាញ់ និងបាត់ទីជម្រកជាដើម ដោយលោកបានអំពាវនាវឲ្យប្រជាសហគមន៍ចូលរួម ដើម្បីកាត់បន្ថយការគំរាមកំហែងនានា ចំពោះធនធានព្រៃ និងសត្វព្រៃ នៅក្នុង ដែនជម្រកនេះ ដោយការមិនទិញ-លក់ និងបរិភោគសត្វព្រៃ ៕ សហការី