ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួនក៏ ត្រូវកម្លាំងសមត្ថកិច្ចនៅក្បែរនោះអន្តរគមន៍ចាប់ក្របួចបានម្នាក់ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
ករណីនេះបានកើតឡើង នៅវេលាម៉ោង៦ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំនុចផ្លូវលេខ១៤៨កែងផ្លូវព្រះស៊ីសុវត្តិ ភូមិ០៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់(ក្នុងចំណោមបក្ខពួក០២នាក់)ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះជុំ សុភា ហៅផែវ ភេទប្រុស អា យុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដទីលំ នៅ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ។រីឯបក្ខពួកម្នាក់ដែលរត់គេចខ្លួនពីកន្លែងកើតហេតុនោះមិនស្គាល់អត្តសញ្ញាណ ។វត្តុតាងចាប់យកបាន៖ ម៉ូតូម៉ាកអាយខនពណ៍ទឹកក្រូចពាក់ផ្លាកលេខ ភ្នំពេញ1AS-1671ដែលមានលេខតួ+ម៉ាសីុន 8007945 ជារបស់ជនរងគ្រោះបានប្រគល់អោយជនរងគ្រោះវិញ ។ ជនរងគ្រោះឈ្មោះ ហេង វណ្ណះភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ២៥៣ ផ្លូវលេខ៥ ភូមិក្រោលគោ សង្កាត់ឬស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យរូបនេះ គឺជនសង្ស័យមានគ្នា២នាក់ បានដើរតាមផ្លូវព្រះស៊ីសុវត្ថ លុះដើរមកដល់ចំណុចកើតហេតុឃើញម៉ូតូជនរងគ្រោះទុកចោល ដោយមើលឃើញឱកាសល្អ ពួកគេក៏នាំគ្នាធ្វើសកម្មភាពលួចកាត់កម៉ូតូបានសម្រេចហើយ ប្រុងជិះរត់គេចខ្លួនក៏ជនរងគ្រោះឃើញស្រែកថាចោរៗ ផ្អើលដល់កម្លាំងសមត្ថកិច្ចកំពុងជិះល្បាតនៅក្បែរនោះអន្តរគមន៍ដេញចាប់ក្របួចបានម្នាក់ ចំណែកឯបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនតាមផ្លូវលេខ១៤៨ បាត់ស្រមោលតែម្តង ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូន ពេញកសាងសំណុំរៀឺងបញ្ជូនទៅសា លាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតីវិធី៕ ស តារា