ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះម៉ាឡេស៊ីអ៊ែរឡាញវិលត្រឡប់ទៅចុះចតនៅអូស្ត្រាលីវិញដោយរងការគំរាមកំហែងវាយប្រហារគ្រាប់បែក

ចែករំលែក៖

កាលពីថ្ងៃទី៣១ ខែឧសភា រដ្ឋលេខា ធិការក្រសួងចរាចរណ៍ម៉ាឡេស៊ី លោក Abdul Aziz Kaprawi បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បានវិល ត្រឡប់ទៅចុះចតនៅកន្លែងចាប់ផ្តើមវិញ ក្នុងទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ក្រោយពេលអ្នកដំណើរលើយន្តហោះម្នាក់គំរាមថាបាននាំគ្រាប់បែកឡើងលើយន្តហោះ។

ជើងហោះហើរលេខ MH128 ដែល មានទិសដៅហោះហើរពីទីក្រុងម៉ែលប៊ន ទៅកាន់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយហោះហើរកាលពីវេលាម៉ោង១១ និង១១នាទី (ម៉ោងក្នុងតំបន់) ហើយចុះ ចតវិញក្រោយការហោះហើរបាន៣០នាទី។ តាមការបញ្ជាក់របស់លោក Abdul Aziz Kaprawiថា អ្នកដំណើរម្នាក់មានសកម្មភាព អុកឡុកដោយព្យាយាមចូលទៅកាន់បន្ទប់បើកបរយន្តហោះ។

អ្នកដំណើរបង្កហេតុខាងលើជាជន ជាតិស្រីលង្កាមានអាការស្រវឹងស្រា ហើយ បញ្ជាក់ថាខ្លួនមានគ្រាប់បែក។ ក្រោយ ការឆែកឆេររកឃើញតែដុំផៅវើប៊ែង ទុក បញ្ចូលថ្មទូរស័ព្ទប៉ុណ្ណោះ។ ជនបង្កហេតុខាងលើត្រូវបានប៉ូលិសទីក្រុងមែលប៊ន ចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរ ជាតិមែលប៊នតែម្តងក្រោយយន្តហោះវិលត្រឡប់ចុះចតវិញ។

លោក Abdul Aziz Kaprawi បាន បញ្ជាក់ទៀតថា នេះមិនមែនជាសកម្មភាពប្លន់យន្តហោះនោះឡើយ ហើយសន្តិសុខសុវត្ថិភាពរបស់អ្នកដំណើរនៅលើយន្តហោះត្រូវបានធានា។ រដ្ឋាភិបាលម៉ាឡេស៊ីសហការជាមួយរដ្ឋាភិបាលអូស្ត្រាលី បើក ការស្រាវជ្រាវពីករណីខាងលើ ដោយអ្នក ដំណើរមិនគោរពទៅតាមច្បាប់អ្នកដំណើរលើយន្តហោះ។

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីធ្លាប់ទទួលរងនូវសោកនាដកម្ម២លើកមក ហើយ គឺជើងហោះហើរ MH 370 បាន បាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដោយដឹកអ្នកដំណើរ ២៣៩នាក់ ហោះហើរពីទីក្រុងគូឡាឡាំពួរទៅកាន់ទីក្រុង ប៉េកាំង។

កាលពីឆ្នាំ២០១៤នោះដែរ ជើងហោះ ហើរ MH១៧ ហោះហើរពីទីក្រុងអាំស្ទែរដាមប្រទេសហុល្លង់ទៅកាន់ទីក្រុងគូឡាឡាំពួរ រងការបាញ់ទម្លាក់នៅភាគខាងកើតប្រទេសអ៊ុយក្រែន បណ្តាលឲ្យអ្នកដំណើរ ២៨៣នាក់ និងក្រុមពហុនិកា១៥នាក់ ស្លាប់។ ចំណុចទាំងនោះហើយទើបម៉ាឡេស៊ីមានការប្រុងប្រយ័ត្នខ្ពស់៕ ម៉ែវ សាធី


ចែករំលែក៖