ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ រដ្ឋប្រហារនៅទួរគីកន្លងមកជាការរៀបចំឡើងដើម្បីពង្រឹងអំណាចរបស់ប្រធានាធិបតីអ៊ែរដូហ្គាន?

ចែករំលែក៖

រដ្ឋប្រហារមិនបានសម្រេចនៅក្នុង ប្រទេសទួរគី គឺជាហេតុផលដែលលោក ប្រធានាធិបតីអ៊ែរដូហ្គានបញ្ចេញកណ្តប់ដៃ ដែកកម្ចាត់មន្ត្រីក្បត់ ដោយលោកប្រធានាធិបតីបានចាប់មន្ត្រីយោធា អ្នកពាក់ព័ន្ធទៅនឹងការធ្វើរដ្ឋប្រហារ រាប់ពាន់នាក់ទៅកាត់ ទោស ។

ហេតុការណ៍នោះហើយគឺជាឱកាសដ៏ល្អបំផុត របស់ប្រធានាធិបតីក្នុងការកម្ចាត់ មន្ត្រីប្រឆាំង នឹងគោលនយោបាយរបស់ លោក ។ នៅពេលនេះ អ្នកណាដែល មាន​ទស្សនៈ ប្រឆាំងរដ្ឋាភិបាល គឺត្រូវចាប់ខ្លួន ហើយចោទប្រកាន់ថា បានចូលរួមជាមួយ សកម្មភាពធ្វើរដ្ឋប្រហារ ។

ក្រោយរដ្ឋប្រហារ ដោយមានការចាប់​ខ្លួនមន្ត្រីស៊ីវិល និងយោធា ជាច្រើនទៅកាត់ទោសធ្វើឲ្យគេមានការមន្ទិលសង្ស័យពី ធាតុពិតនៃការធ្វើរដ្ឋប្រហារ នៅទួរគីនាពេលកន្លងមក។រដ្ឋប្រហារចំពេលដែលប្រធានាធិបតីមិននៅហើយត្រូវបង្រ្កាបភ្លាមៗ នៅ​ពេលនោះ ហើយពលរដ្ឋជាច្រើនក៏បាន ​ ចេញទៅរារាំងទាន់ពេលវេលា។តើនោះជាការរៀបចំដើម្បីពង្រឹងអំណាចឬក៏យ៉ាងណា?

ឧត្តមសេនីយ៍មួយរូប ដែលបញ្ជូនទៅ កាត់ទោស ធ្លាប់បានលើកឡើងថា ការប៉ុន ប៉ងធ្វើរដ្ឋប្រហារ កាលពីរដូវក្តៅឆ្នាំមុន ជា គម្រោងរៀបចំឲ្យបរាជ័យតែម្តង ព្រោះផែន ការនោះ មើលទៅហាក់បីដូចជា “មិនសម ហេតុផល” ហាក់បីដូចជា “ភាពយន្តហូ លីវូដ” មួយអ៊ីចឹង ។

លោកឧត្តមសេនីយ៍ Hakan Evrim ដែលជាមេបញ្ជាការ មូលដ្ឋានអាកាស Akinci ដែលស្ថិតនៅក្រៅរដ្ឋធានីអង់ការ៉ា បានប្រាប់តុលាការ កាលពីថ្ងៃទី២៩ខ ែឧសភាថា គាត់មិនយល់ពីការរៀបចំធ្វើ​រដ្ឋប្រហារ កាលពីឆ្នាំមុនទេ បើគេចង់ធ្វើរដ្ឋ ប្រហារមែន ឆែកតែតាមអុីនធើណេតក៏ ដឹងដែរ ប៉ុន្តែជាក់ស្តែង រដ្ឋប្រហារដែល បានកើតឡើង ហាក់បីដូចជាឆាកល្ខោន ដែលគេរៀបចំទុករួចជាស្រេច។ “ដោយផ្អែកលើបទពិសោធន៍ការងាររបស់ខ្ញុំ ការ ប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ រៀបចំផែនការអន់ បំផុត សឹងតែមិនគួរឲ្យជឿ វាមើលទៅមិន​សមហេតុផល ផ្ទុយទៅនឹងរបៀបវារៈ រៀបចំរបស់កងកម្លាំងប្រដាប់អាវុធទួរគី” នេះ ជាការលើកឡើងរបស់ឧត្តមសេនីយ៍ Evrim នៅក្នុងសវនាការ។

ការឆ្លើយតបរបស់ឧត្តមសេនីយ៍ Ev​rim ត្រូវបានផ្តល់ជូន ក្នុងសវនាការតុលាការ ករណីពិសេសដែលក្នុងនោះ មានជន សង្ស័យ ២២១ នាក់ ត្រូវកាត់ទោស។ ក្នុងយប់នៃការធ្វើរដ្ឋប្រហារនោះ លោក Evrim ជាមេបញ្ជាការ គ្រប់គ្រងកម្លាំង ហើយយន្តហោះចម្បាំងជាច្រើន បានហោះ ចេញពីមូលដ្ឋានអាកាស ទៅទម្លាក់គ្រាប់បែកលើប៉ុស្តិ៍ប៉ូលិស រដ្ឋសភា ស្ថានីយ​ទូរទស្សន៍ និងបរិវេណវិមានប្រធានាធិបតី បានសម្លាប់មនុស្សជាង ១០០ នាក់ដែល ភាគច្រើន គឺជាមន្រ្តីប៉ូលិស។

លោកបាននិយាយថា ហេតុអ្វីបានជា យន្តហោះ អាចទៅទម្លាក់គ្រាប់បែកនៅ សភា? លោកបានបន្តថា គេទម្លាក់គ្រាប់បែកនៅរដ្ឋសភាពេលព្រឹកព្រលឹម នៅ ពេលដែលគេបានដឹងច្បាស់ថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានជោគជ័យ។ លោក បានបន្ថែមទៀតថា ការទម្លាក់គ្រាប់បែក នៅសភា នៅនាយកដ្ឋានប៉ូលិស និង នៅខាងក្រៅវិមានប្រធានាធិបតី គឺវាមិន មែនជាគោលដៅ នៃការធ្វើរដ្ឋប្រហារនោះ ទេ។

លោក Evrim និយាយថា ៖ “ពេល ពិចារណា ចំនួនយន្តហោះប្រយុទ្ធ F-16 ដែលបានគេប្រើនៅពេលយប់នោះ គោលដៅទម្លាក់គ្រាប់បែក និងការកំណត់​ពេលវេលារបស់វា បញ្ជាក់ច្បាស់ថា វាត្រូវ បានគេធ្វើឡើង ដើម្បីបង្វែរមតិសាធារណៈ នោះទេ”។

លោក Evrim បានចូលរួមការជជែក ពិភាក្សាគ្នាថា តើប្រធានាធិបតីលោក Recep Tayyip Erdogan បានដឹងអំពីការធ្វើរដ្ឋប្រហារមុនឬទេ។ ទីភ្នាក់ងារចារកម្ម ត្រូវ បានគេជូនដំណឹង អំពីការធ្វើរដ្ឋប្រហារ នៅម៉ោង ២ រសៀល ហើយបុគ្គលិកទូទៅ បានដឹងអំពីគម្រោងការធ្វើរដ្ឋប្រហារ នៅម៉ោង ៥ ល្ងាច។ លោក Evrim សួរថា ហេតុអ្វីមិនមានការចេញបញ្ជាទុកជាមុន ដើម្បីទប់ស្តាត់ រដ្ឋប្រហារមុនពេលវាចាប់ ផ្តើម?

លោកបាននិយាយថា ការប៉ុនប៉ងធ្វើរដ្ឋ ប្រហារនេះ អាចទប់ស្កាត់ជាមុនដោយ ងាយបំផុត ដោយសារ មេបញ្ជាការដឹងពីការប៉ុនប៉ងធ្វើរដ្ឋប្រហារជាមុន ប៉ុន្តែគេនៅ​តែបណ្តោយ ឲ្យរដ្ឋប្រហារនេះ កើតមាន ឡើង។ លោក Erdogan បាននិយាយថា លោកបានដឹងអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ តាមបងប្អូនថ្លៃររបស់លោក នាពេល រសៀល (ក្រោយមកគាត់និយាយថា គាត់បានដឹងអំពីវានៅ ៤និង១៥នាទី រសៀល ឬ ម៉ោង ៨និង ១០ នាទីយប់ ដោយចម្លើយរបស់ប្រធានាធិបតីរូបនេះ ប្តូររហូត ពេលសួរក្នុងបទសម្ភាសន៍ផ្សេងគ្នា)។ លោកបាននិយាយថា បញ្ជីមនុស្ស ដែលត្រូវចាប់ខ្លួន ត្រូវបានត្រៀមទុក​ជាស្រេច ខណៈពេលរដ្ឋប្រហារបានផ្ទុះ ឡើង ហើយព្រះរាជអាជ្ញាចេញដីកាចាប់ខ្លួន ជនសង្ស័យចេញនៅ ២ នាទី ក្រោយពី នាយករដ្ឋមន្រ្តី Binali Yildirim បានជូន ដំណឹងជាសាធារណៈអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ។

នៅវេលាម៉ោង ៤ ព្រឹក ខណៈដែលរដ្ឋ ប្រហារនេះ ផ្ទុះឡើង ព្រះរាជអាជ្ញាអង់ការ៉ា បានចេញដីកាចាប់ខ្លួនចៅក្រម និងព្រះ រាជអាជ្ញា ចំនួន ២,០០០ នាក់។ ៨ម៉ោង ក្រោយមក លោក Yildirim បាននិយាយថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ ត្រួវបាន បង្គ្រាបដោយជោគជ័យ។ដំណាក់កាល សំខាន់បំផុត នៃរដ្ឋប្រហារ នៅថ្ងៃទី ១៥ ខែកក្កដា នៅរដូវក្តៅមុន គឺការចាប់ប្រធា​នាធិបតីទួរគី លោក Recep Tayyip Erdogan ដែលកំពុងសម្រាកលំហែកាយ នៅ Marmaris ជាទីក្រុងកម្សាន្តមួយ នៅព្រំ​ដែន​ប្រទេសក្រិក។

លោកប្រធានាធិបតី Erdogan បានចាក ចេញពី Marmaris វេលាម៉ោង ០និង៣០ នាទី ព្រឹកបន្ទាប់ពីសន្ទនា ជាមួយ CNN Turk តាមវីដេអូ ។ អង្គភាពដែលត្រូវបានប្រគល់ភារកិច្ច ក្នុងការចាប់ខ្លួនលោក Erdogan ត្រូវបានគេឲ្យរង់ចាំ ក្នុងមូលដ្ឋាន ទ័ពអាកាស Cigli នៅក្នុងទីក្រុង Izmir ។ ឧត្តមសេនីយ៍ Gokhan Sonmezates ដែលជាអ្នកដឹកនាំក្រុមក្នុ ងការចាប់យក លោក Erdogan នោះបាននិយាយថា គាត់ ត្រូវបានគេបញ្ជា ឱ្យទៅយកលោកប្រធា នាធិបតី និងនាំគាត់ទៅទីក្រុងអង់ការ៉ា ដោយសុវត្ថិភាព។

លោក Sonmezates បាននិយាយថា ក្រុមរបស់លោក ត្រូវបានគេឲ្យរង់ចាំ នៅក្នុងមូលដ្ឋានទ័ពអាកាស Cigli ចំនួន ៤ ម៉ោង ខណៈពេលដែលពិភពលោក ទាំងមូល បានដឹងថា លោក Erdogan បានចាកចេញពីសណ្ឋាគាររបស់គាត់ និង កំពុងនៅតាមផ្លូវ ទៅទីក្រុងអ៊ីស្តង់ប៊ូល។ លោក Sonmezates បាននិយាយថា “ខ្ញុំចង់ដឹងថា អ្នកណាដែលបានធ្វើឱ្យពួក យើង រង់ចាំអស់រយៈពេល ៤ ម៉ោង”៕ ម៉ែវ សាធី


ចែករំលែក៖