កាលពីថ្ងៃទី២ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ ដែលមានប្រទេសចូលរួមដល់ទៅ១៩៥ ទទួលរងការរិះគន់យ៉ាងខ្លាំងទាំងក្នុងនឹងក្រៅប្រទេស។ មេដឹកនាំប្រទេសជាច្រើនបានលើកឡើងថា សកម្មភាពរបស់អាមេរិកមិនសមជាប្រទេសមហាអំណាចឡើយ ហើយអាមេរិកអាចនឹងនៅឯកោដោយសារតែសកម្មភាពទាំងនោះ។
កន្លងមកលោក អូបាម៉ា ក៏បានចេញមុខថ្កោលទោសការសម្រេចដកសមិទ្ធផលរបស់លោក អូបាម៉ា ដែលបានខិតខំក្នុងពេលកាន់អំណាច។ នៅពេលនេះដែរ មហាសេដ្ឋី Michael Bloomberg បានដឹកនាំសម្ព័ន្ធមិត្តអាកាសធាតុអាមេរិកបន្តរក្សាកិច្ចព្រមព្រៀងទីក្រុងប៉ារីសដដែល។
មហាសេដ្ឋី Michael Bloomberg បច្ចុប្បន្នអភិបាលក្រុងញវយ៉កជាមហាសេដ្ឋីទី១២របស់អាមេរិក នឹងដឹកនាំសម្ព័ន្ធមិត្តអាមេរិកខាងលើ ដែលមានទីក្រុងចំនួន៣០ និង៣រដ្ឋចូលរួម ក្រៅពីនេះនៅមាននាយកសាលា មហាវិទ្យាល័យ ជាង៨០រូប និងក្រុមហ៊ុនជាង១០០ ចូលរួមនៅក្នុងសកម្មភាពថែរក្សាបរិយាកាស ដោយបន្តអនុវត្តិកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មហាសេដ្ឋី Bloomberg ក៏បានសន្យាផ្តល់ជំនួយ១៥លានដុល្លារ ប្រាក់ផ្ទាល់ខ្លួនដល់អង្គការសហប្រជាជាតិក្នុងសកម្មភាពបម្រែបម្រួលអាកាសធាតុ។
សារព័ត៌មាន The new York Times បានផ្សាយថា សម្ព័ន្ធមិត្តខាងលើនឹងដាក់លិខិតឡើងទៅកាន់អង្គការសហប្រជាជាតិពីការធានាដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចាក់ ដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសបង្កើតឡើងកាលពីឆ្នាំ២០១៥ ក្នុងគោលដៅទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យពិភពលោកល្អប្រសើរឡើងនាពេលអនាគតសម្រាប់កូនចៅជំនន់ក្រោយ៕ ម៉ែវ សាធី