ព័ត៌មានទាន់ហេតុការណ៍៖

មេភូមិដង្កោប្ដឹងសមត្ថកិច្ចឲ្យចាប់ជាងផ្សាដែក២នាក់ ក្រោយពីផ្សាដែកក្នុងស្នាក់ការភូមិមិនសុំការអនុញ្ញាត

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ដង្កោ បានចុះទៅឃាត់ខ្លួនបុរស២នាក់ជាជាងដែក ដែលបានទៅផ្សាដែកក្នុងមូលដ្ឋានស្នាក់ការភូមិយកមកសាកសួរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចទីស្នាក់ការភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

បុរស២នាក់ដែលជាជាងដែកមាន៖ ទី១ ឈ្មោះ អុី ម៉េង អាយុ៤៣ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី២ ឈ្មោះ ទូន វិចិត្ត អាយុ៤១ឆ្នាំ មុខរបរកូនជាងផ្សាដែក ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកប្រធានភូមិតាឡីដែលប្ដឹងសមត្ថកិច្ចនោះមានឈ្មោះម៉ុន សាវឿន អាយុ៥៣ឆ្នាំ ។

យោងតាមសម្ដីបុរស២នាក់ជាជាងដែកបាននិយាយប្រាប់ឲ្យដឹងថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ ពួកគាត់ត្រូវបានបុគ្គលិកខាងអង្គការទស្សនៈពិភពលោក ជួលឲ្យមកផ្សាដែក( ផ្សាទោងក្មេងៗជិះលេងដែលបានខូច ) ក្នុងស្នាក់ការភូមិ ដើម្បីជួសជុលរបស់ដែលដាច់បាក់នៅទីនោះ តែនៅថ្ងៃទី១នោះ ពួកគាត់មិនបានមកផ្សាទេព្រោះពួកគាត់រវល់ ។ រហូតដល់រសៀលថ្ងៃទី៥ ខែ/ឆ្នាំកើតហេតុ ទើបពួកគាត់ចុះមកផ្សាដែក ដែលរបស់របរក្មេងលេងបានដាច់បាក់ តែពួកគាត់មិនទាន់បានសុំការអនុញ្ញាតិពីមេភូមិនៅស្នាក់ការនោះឡើយ ព្រោះគិតថា កន្លងមកពួកគាត់ក៏ធ្លាប់បានមកផ្សាដែកនៅទីនោះម្ដងរួចមកហើយដែរ ដោយមិនមានបញ្ហាអ្វីឡើយ ។ខណះពេលជាងដែកទាំងពីរនាក់កំពុងផ្សាដែក មេភូមិតាឡីដែលមានឈ្មោះម៉ុន សាវឿន ក៏បានប្ដឹងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ឲ្យចុះឃាត់ខ្លួនបុរសជាងដែក២នាក់ខាងលើតែម្ដង ពីបទ បំផ្លិចបំផ្លាញរបស់របរក្នុងស្នាក់ការភូមិ ។

បច្ចុប្បន្ន បុរស២នាក់ដែលជាជាងដែកកំពុងឃាត់ខ្លួនសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ៕ ភារ៉ា ដង្កោ


ចែករំលែក៖