ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែគំនុំ ហ៊ានសម្លាប់មិត្តភក្តិរបស់ខ្លួនយ៉ាងសាហាវយង់ឃ្នង

ចែករំលែក៖

ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ចទើបតែចាប់ខ្លួនជនសង្ស័យជាឃាតកសម្លាប់មនុស្សបានម្នាក់ ខណៈដែលជនសង្ស័យ និងជនរងគ្រោះ ធ្លាប់ជាមិត្តសំឡាញនឹងគ្នាថែមទៀតផង ។ ជនសង្ស័យបាននិយាយថា រូបគេធ្លាប់មានបញ្ហាបន្តិចបន្តួចជាមួយជនរងគ្រោះ ហើយចងគំនុំ និងសម្លាប់តែម្តង ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ​០៥ ខែមិថុនា ឆ្នាំ២០១៧ មានករណីឃាតកម្ម វាយនឹងដំបងបណ្ដាលអោយស្លាប់ មនុស្សម្នាក់នៅចំណុច អន្លង់ក្រញ៉ូង ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចជំនាញបានស្រាវជ្រាវដឹងថា ជនរងគ្រោះឈ្មោះ​ ឈន ផាន់នី​​ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ​មុខរបរ កសិករ ជនជាតិខ្មែរ​ មានទីលំនៅភូមិតាធង ឃុំដងពែង ​ហើយបើតាមលោកម៉ា ទី អធិការបានឲ្យដឹងថា នៅថ្ងៃទី​ ០៤ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានចេញពីផ្ទះ​ នៅវេលាម៉ោង ១៨ រហូតដល់ម៉ោង ៦:០០ព្រឹក ថ្ងៃទី៥ ខែមិថុនា ទើបមានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣ និង ១៤ ត្រង់ចំណុចកើតហេតុខាងលើ ហើយក្រោយធ្វើកោសល្យវិច័យ និងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចកម្លាំងជំនាញ​ និងគ្រូពេទ្យបានពិនិត្យ គឺជនរងគ្រោះ ត្រូវបានជនសង្ស័យសម្លាប់​ នៅកន្លែងផ្សេងយកមកបោះចោលនៅទីតាំងខាងលើ ។

ប្រភពបន្តថា ក្រោយពី​ផ្នែកជំនាញ និងគ្រូពេទ្យ ត្រួតពិនិត្យរួចក៏ប្រគល់សាកសពជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់មកទៀត ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក លោក ម៉ា ទី អធិការស្រុកស្រែអំបិល បានបន្តដឹកនាំកម្លាំងអធិការ សហការជាមួយកម្លាំងប៉ុស្តិ៍ដងពែង ស៊ើបអង្កេតអស់រយៈពេល ៨ ម៉ោងកន្លះ​​ កំណត់បាននូវមុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមកសាកសួរ​។

ប្រភពដដែលបន្តថា ជនសង្ស័យ ឈ្មោះ​ តាន់​ ធៀន ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ​ខេត្តកោះកុង ។ ជនសង្ស័យនិយាយប្រាប់សមត្ថកិច្ច ពីមុនពួកគេជាមិត្តភក្តិនឹងគ្នា ដោយសារតែមានបញ្ហាបន្តិចបន្តួច(មិនដឹងបញ្ហាអ្វីនោះឡើយ) ទើបឈានដល់ការវាយតប់គ្នា ក៏កើតជាគំនុំ។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច ដកហូតវត្ថុតាង ៖ ដំបងឈើ ១ ដើមផងដែរ និងកំពុងកសាងសុំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕


ចែករំលែក៖