ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិជប៉ុនវ័យ៨៤ឆ្នាំដេកស្លាប់ក្នុងចំណតផ្ញើរថយន្តសណ្ឋាគារ “ផ្កាឈូកទិព្វ”

ចែករំលែក៖

ភ្នំពេញៈ បុរសជនជាតិជប៉ុនមានវ័យ៨៤ឆ្នាំម្នាក់ ត្រូវបានគេ ប្រទះឃើញដេកស្លាប់រឹងខ្លួននៅក្នុងចំណតផ្ញើរថយន្តសណ្ឋាគារផ្កាឈូកទិព្វ ស្ថិតនៅដីឡូដ៍លេខ៣២ ផ្លូវ៣៣៦ ក្រុម៤ ភូមិ១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង៤និង២០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧មិនដឹងតាំងពីពេលណា ។

បុគ្គលិកសន្តិសុខយាមចំណតផ្ញើរថយន្តម៉ូតូនៃសណ្ឋាគារផ្កាឈូកទិព្វម្នាក់ បានឲ្យដឹងថា ជនជាតិជប៉ុន ដែលស្លាប់ខាងលើនេះមានអាយុ៨៤ឆ្នាំ កាន់លិខិតឆ្លងដែនជប៉ុនលេខ MK3930003 បានមកស្នាក់នៅសណ្ឋាគារផ្កាឈូកទិព្វប្រមាណ៥ទៅ៦ខែកន្លងមកហើយ ដោយក្នុងនោះ ម្ចាស់សណ្ឋាគារឃើញអាណិតព្រោះឃើញគ្មានញាតិមិត្តនឹងគេក៏បានឲ្យគាត់មកស្នាក់បណ្តោះអាសន្ននៅកន្លែងចំណតផ្ញើរថយន្តម៉ូតូរង់ចាំបងប្អូនមកទទួលវិញ ។នៅមុនពេលកើតហេតុ២ទៅ៣ថ្ងៃនេះ ជនរងគ្រោះបានត្អូញត្អែរប្រាប់ក្រុមសន្តិសុខថា គាត់មានសភាពមិនស្រួលហើយចេះតែដេកនៅលើប៉ៅអ៊ីមិនព្រមហូបចុក និងដណ្តប់ភួយគ្របមុខជិតជារៀងរាល់ថ្ងៃគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ។ លុះមកដល់ថ្ងៃកើតហេតុគេមិនឃើញក្រោក និងកម្រើកដៃជើងបន្តិចសោះក្រុមសន្តិសុខក៏នាំគ្នាចោមរោមមើលនិងទៅដាសើអង្រួនឲ្យក្រោក ទើបដឹងថា ជនរងគ្រោះស្លាប់បាត់ទៅហើយ គឺមិនដឹងស្លាប់តាំងពីពេលណាទេ ទើបនាំគ្នា រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យសព។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គរហើយសពជនរងគ្រោះ ត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត រងចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប្រាថ្នា


ចែករំលែក៖