ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបើកលឿនបុករះស្លាប់ម្នាក់របួសក្មេងស្រីម្នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តដឹកដីមួយគ្រឿង ដែលបើកលឿន បានបុករះជាបន្តបន្ទាប់ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ក្មេងស្រីម្នាក់បានរងបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នៅភូមិទ័ពបោះ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ ឃីម ណាត ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង ជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ាឡែន ភេទស្រី អាយុ៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ ។ដោយឡែកអ្នកបើកបររថយន្តដឹកដីនេះ មានឈ្មោះ ជេត ។

ប្រជាពលរដ្ឋដែលស្ថិតនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងពេលកើតហេតុ ឃើញមានរថយន្តដឹកដីមួយគ្រឿង ពណ៌សបានកបើកក្នុងល្បឿនក្នុងទិសដៅពីលិចទៅកើត នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្មេងស្រីរងគ្រោះម្នាក់បានដើរឆ្លងផ្លូវ ពេលនោះអ្នកបើករថយន្តបានបួងចង្កូតគេចតែគេចអត់ផុត បណ្តាលឲ្យបុកក្មេងស្រីរងបរបួសធ្ងន់តែម្តង និង ជ្រុលទៅបុកជនរងគ្រោះម្នាក់ទៀតដែលកំពុងជិះកង់ក្នុងទិសដៅស្របគ្នាជាមួយរថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះពីរថយន្តរត់គេចខ្លួនបាត់ ចំពោះក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្អែកស្រុក ចំពោះសាកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារ។ ដោយមធ្យោបាយបង្ករត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីរង់ចាំធ្វើការដោះស្រាយបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖