ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីរំលោភទំនុកចិត្ត

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភទំនុកចិត្ត ។

ការឃាត់ខ្លួនធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុច ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត​កណ្តាល ។

សមត្ថកិច្ចអះអាងថា ជនសង្ស័យ ១.ឈ្មោះ សូ ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល មុខរបរ សិស្ស(ឃាត់ខ្លួន) ២.ឈ្មោះ ហុក ចាន់ សុផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិដើមគរ សង្កាត់ដើមគរ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ រីឯជនរងគ្រោះឈ្មោះអុល សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិកណ្តាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្ត​កណ្តាល មុខបរសិស្ស ។

វត្ថុតាងចាប់យកពីជនសង្ស័យ៖ ម៉ូតូ១គ្រឿងម៉ាក ZOOMER.Xពណ៌ សលាយទឹកក្រូច សេរី២០១៧គ្មានផ្លាកលេខ។

នៅវេលាកើតហេតុខាងលើ ជនសង្ស័យសូ ចាន់ណា បានសុំខ្ចីម៉ូតូ ជនរងគ្រោះ អុល សុជាតិ ដោយប្រាប់ថា ជិះទៅរង្វង់ មូលតាខ្មៅមួយភ្លែត ហើយក៏ជិះទៅបាត់មិនឃើញ យកម៉ូតូមកឲ្យវិញឡើយ ទើបជនរងគ្រោះតាមរកឃើញជនសង្ស័យទាំង២នាក់ខាងលើ នៅផ្ទះសំណាក់យីហោលីលី ហើយក៏ប្តឹងឲ្យសមត្ថកិច្ចចុះជួយ​អន្តរាគមន៍ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួន​ពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះយកទៅបញ្ចាំនៅម្តុំផ្សារក្រមួន សង្កាត់ចាក់អង្រែក្រោម ៨០០ដុល្លារឲ្យទៅ ហុក ចាន់ សុផាន់ណា យកទៅលោះម៉ូតូ១គ្រឿងទៀត អស់៦៥០ដុល្លារ នៅសល់ប៉ុន្មានចាយអស់ហើយ។ ករណីនេះសមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតីវិធី ៕


ចែករំលែក៖