ព័ត៌មានទាន់ហេតុការណ៍៖

ហិង្សាក្នុងគ្រួសារ ប្តីស្រវឹងស្រាវាយប្រពន្ធរហូតដល់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសស្រវឹងស្រាម្នាក់បានធ្វើសកម្មភាពវាយប្រពន្ធរបស់ខ្លួនរហូតដល់បាត់បង់ជីវិតគួរឲ្យសង្វេគ ។

ហេតុការណ៍ហិង្សាបានកើតឡើងនៅវេលាម៉ោង១៧ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នៅ ផ្ទះជនរងគ្រោះ ភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ គិន ព្រីង ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មេផ្ទះ (ស្លាប់)។ ជនសង្ស័យ ត្រូវជាប្ដី ឈ្មោះ សុខ ខ្នើ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។

ប្រភពបន្តថា ជនរងគ្រោះគឺជាមនុស្សញៀនស្រា ដែលតែងតែផឹកស្រាជាប្រចាំថ្ងៃ ។ លុះនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ ១៧:០០នាទី ជនរងគ្រោះជាប្រពន្ធបានកំពុងដាំទឹកនៅលើផ្ទះ ខណៈនោះជនសង្ស័យជាប្ដីបានដើរមកពីខាងក្រោយផ្ទះ ក៏បានស្ដីអោយជនរងគ្រោះថា មួយថ្ងៃៗមិនចេះធ្វើការងារអ្វីទេ ពេលនោះអ្នកទាំងពីរក៏បានទាក់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង រួចជនសង្ស័យបានចាប់ ទះកំផ្លៀងជនរងគ្រោះចំនួន ០៣ដៃ បណ្ដាលអោយដួលផ្កាប់មុខទៅនិងដី ភ្លាមនោះជនរងគ្រោះបានព្យាយាមរត់គេចតែត្រូវជនសង្ស័យស្ទាក់ហៅអោយចូលផ្ទះវិញ រួចជនរងគ្រោះបានឡើងទៅលើផ្ទះសម្ងំស្ងៀម និយាយពីនេះពីនោះតែម្នាក់ឯង ។ លុះព្រឹកឡើងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានក្រោកឡើងប្រើអោយកូនទៅទិញបបរយកមកហូប រួចហើយក៏ចូលដេកវិញទៅ។

ប្រភពបន្តទៀតថា រហូតដល់ម៉ោងប្រមាណ ១៣:០០នាទី ថ្ងៃដដែល ម្ដាយក្មេកជនរងគ្រោះបានឡើងទៅមើលនិងដាស់តែជនរងគ្រោះពុំក្រោក ក៏បានស្រែកប្រាប់អ្នកជិតខាងររួចក្រុមគ្រួសារបានហៅគ្រូពេទ្យមកពិនិត្យឃើញថា ជនរងគ្រោះមានសភាពខ្សោយខ្លាំង គ្រូពេទ្យក៏បានប្រាប់ក្រុមគ្រួសារអោយបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកស្រុកកោះធំ តែពុំទាន់បានបញ្ជូនទៅផងជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្ដិ៍លើកដែកបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីហិង្សាក្នុងគ្រួសារបណ្ដាលអោយស្លាប់ ពេលនោះនគរបាលប៉ុស្ដិ៍សហការជាមួយកម្លាំងជំនាញស្រុក ចុះដល់កន្លែងកើតហេតុហើយបានធ្វើការពិនិត្យទៅលើសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសាររងរបួសធ្ងន់ធ្ងរ ពីការប្រើហិង្សារបស់ប្ដីប្រាកដមែន ដោយសាកសពមានស្លាកស្នាមជាំខ្មៅខ្លាំងនៅលើភ្នែកទាំងសងខាង ស្នាមបែកមាត់ រលាត់ខ្នង ចំណែកជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។

បច្ចុប្បន្នជមសង្ស័យ សុខ ខ្នើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល


ចែករំលែក៖