ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ឃុំ​ខ្លួន​បុរស​ម្នាក់​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ម្នាក់​នៅ​ស្រុក​អង្គស្នួល​

ចែករំលែក៖

ខេត្តកណ្ដាល​៖ ​លោក​ ងួន​ វុទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ដើម្បី​ស៊ើបសួរ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​ម្នាក់​នៅ​ស្រុក​អង្គស្នួល​ ។

លោក​ សំម​ ឫទ្ធី​វាសនា​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ បញ្ជាក់​ថា​ បុរស​រូប​នេះ​ឈ្មោះ​ ឈួន​ ឧត្តម​ អាយុ​២៦ឆ្នាំ​ ត្រូវ​បាន​លោក​ស្រី​ ស៊ុន​ យ៊ីត​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពី​បទ​ “​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ​”តាម​មាត្រា​៨៥ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ ។

ហេតុការណ៍នេះបានកើតឡើង​ កាលពី​យប់​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។

របាយការណ៍​នគរបាល​ស្រុក​អង្គស្នួល​ បង្ហាញ​ថា​ នៅមុនពេលកើតហេតុ​ មានរថយន្តមួយគ្រឿងម៉ាក តូយូតា LUCIDAពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2G 6693 បើកបរដោយឈ្មោះ ឈួន ឧត្ដម បានបើកពីទិសខាងលិចទៅកើត (កំពង់សោមទៅភ្នំពេញ) ។​ លុះដល់ចំណុចកើតហេតុ​ រថយន្តបានបុក អ្នកថ្មើរជើងជា​បុរស​បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែករថយន្តក្រោយកើតហេតុមិនបានឈប់នៅនឹងកន្លែងកើតហេតុនោះទេ បានបើកគេចរហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទើបសម្ថកិច្ច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ឃាត់រថយន្តនោះបាន ទាំងតៃកុងឡាន ។ ករណីនេះបណ្តាលមកអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនខ្វះកាប្រុងប្រយ័ត្ន​ ៕ ចេស្តា


ចែករំលែក៖