ខេត្តកោះកុង៖ កម្លាំងសមត្ថកិច្ចទើបតែចាប់ខ្លួនជនសង្ស័យជាឃាតកសម្លាប់មនុស្សបានម្នាក់ ខណៈដែលជនសង្ស័យ និងជនរងគ្រោះ ធ្លាប់ជាមិត្តសំឡាញនឹងគ្នាថែមទៀតផង ។ ជនសង្ស័យបាននិយាយថា រូបគេធ្លាប់មានបញ្ហាបន្តិចបន្តួចជាមួយជនរងគ្រោះ ហើយចងគំនុំ និងសម្លាប់តែម្តង ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៧ មានករណីឃាតកម្ម វាយនឹងដំបងបណ្ដាលអោយស្លាប់ មនុស្សម្នាក់នៅចំណុច អន្លង់ក្រញ៉ូង ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សមត្ថកិច្ចជំនាញបានស្រាវជ្រាវដឹងថា ជនរងគ្រោះឈ្មោះ ឈន ផាន់នី ភេទប្រុស អាយុ ១៦ ឆ្នាំមុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិតាធង ឃុំដងពែង ហើយបើតាមលោកម៉ា ទី អធិការបានឲ្យដឹងថា នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានចេញពីផ្ទះ នៅវេលាម៉ោង ១៨ រហូតដល់ម៉ោង ៦:០០ព្រឹក ថ្ងៃទី៥ ខែមិថុនា ទើបមានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣ និង ១៤ ត្រង់ចំណុចកើតហេតុខាងលើ ហើយក្រោយធ្វើកោសល្យវិច័យ និងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចកម្លាំងជំនាញ និងគ្រូពេទ្យបានពិនិត្យ គឺជនរងគ្រោះ ត្រូវបានជនសង្ស័យសម្លាប់ នៅកន្លែងផ្សេងយកមកបោះចោលនៅទីតាំងខាងលើ ។
ប្រភពបន្តថា ក្រោយពីផ្នែកជំនាញ និងគ្រូពេទ្យ ត្រួតពិនិត្យរួចក៏ប្រគល់សាកសពជូនឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី។
បន្ទាប់មកទៀត ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក លោក ម៉ា ទី អធិការស្រុកស្រែអំបិល បានបន្តដឹកនាំកម្លាំងអធិការ សហការជាមួយកម្លាំងប៉ុស្តិ៍ដងពែង ស៊ើបអង្កេតអស់រយៈពេល ៨ ម៉ោងកន្លះ កំណត់បាននូវមុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមកសាកសួរ។
ប្រភពដដែលបន្តថា ជនសង្ស័យ ឈ្មោះ តាន់ ធៀន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ ជនសង្ស័យនិយាយប្រាប់សមត្ថកិច្ច ពីមុនពួកគេជាមិត្តភក្តិនឹងគ្នា ដោយសារតែមានបញ្ហាបន្តិចបន្តួច(មិនដឹងបញ្ហាអ្វីនោះឡើយ) ទើបឈានដល់ការវាយតប់គ្នា ក៏កើតជាគំនុំ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច ដកហូតវត្ថុតាង ៖ ដំបងឈើ ១ ដើមផងដែរ និងកំពុងកសាងសុំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕