ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចកាលពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីស៊ើបសួរករណីបង្កគ្រោះថ្នាក់ចរាចរស្លាប់ពីរនាក់និងរបួសធ្ងន់ម្នាក់នៅស្រុកកៀនស្វាយ ។
មន្ត្រីតុលាការ ថ្លែងថា យុវជនរូបនេះឈ្មោះ ឃន គង្គា អាយុ២១ឆ្នាំ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ “បើកបរធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ”តាមមាត្រា៨៥ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។
មន្ត្រីដដែល បន្តថា តាមពិតរឿងនេះជាកំហុសរបស់ជនរងគ្រោះ ជិះម៉ូតូទៅបុករថយន្តមួយគ្រឿង រួចរេចង្កូតទៅបុករថយន្តរបស់យុវជនឈ្មោះ ឃន គង្គា ។ ប៉ុន្តែឈ្មោះ ឃន គង្គា ពុំដឹងថាម៉ូតូជនរងគ្រោះជាប់កង់ក្រោយរថយន្តឡើយ ។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ក្នុងភូមសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ។
របាយការណ៍នគរបាលស្រុកកៀនស្វាយ បង្ហាញថា ជនរងគ្រោះមានគ្នា៣នាក់ ស្រី២ប្រុសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរពីផ្ទះនៅភូមិបាទី ឃុំពាមរ ស្រុកពាមរ ខេត្តព្រៃវែង ឡើងទៅភ្នំពេញ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ទ្រុងខៀវប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ព្រះសីហនុ 3A-13 27 ។ អ្នកបើកបររថយន្ត ក្រោយកើតហេតុ បានបើករថយន្តរត់ដល់ស្រុកលើកដែក ដោយមានកិច្ចសហការរវាងសម្ថកិច្ចដែនដីបានចុះប្រតិបត្តិការឃាត់រថយន្តនិងអ្នកបើកបរ ។
នគរបាល សន្និដ្ឋានថា ករណីនេះបណ្ដាលមកពីម៉ូតូជិះជែងខ្វះការប្រុងប្រយ័ត្ន ៕ ចេស្តា