ភ្នំពេញ៖ ស្រីម្នាក់បានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ឫស្សីកែវឲ្យជួយស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន បន្ទាប់ពីផ្ទះរបស់គាត់ត្រូវចោរឆ្កិះសោរបង និងសោផ្ទះលួចយកទ្រព្យសម្បត្តិមានតំលៃជាង ៥០០០ដុល្លាគេចខ្លួនបាត់។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ លេខ១១២៤ ផ្លូវលេខ៩៩RB ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ហើយមកដល់ម៉ាង១១ព្រឹក ទើបជនរងគ្រោះរត់មកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឫស្សីកែវឲ្យជួយស្រាវជ្រាវ ។
មន្រី្តនគរបាលប៉ុស្តិ៍ឫស្សីកែវមួយរូបបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ផល្លី តាំងយូ ភេទស្រី អាយុ២៨ឆ្នាំ មានមុខរបរកម្មករ មានទីលំនៅកើតហេតុខាងលើ។
ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនកើតហេតុគឺនៅអំឡុងម៉ោងប្រហែល១០យប់ថ្ងៃទី៥ ខែមិថុនាឆ្នាំ២០១៧ រូបគាត់និងប្តីបានចាក់សោរបងផ្ទះរួចបណ្ដើរម៉ូតូទុកក្នុងផ្ទះដូចថ្ងៃធម្មតា រួចបិទទ្វារផ្ទះហើយយកលុកយដាក់ក្នុងថតតុ។បន្ទាប់មករូបគាត់និងស្វាមីបាននាំគ្នាឡើងទៅដេកនៅលើឡៅតឿលង់លក់ស្កប់ស្កល់ទល់ភ្លឺ ។ ចំណែកប្អូនស្រីរបស់គាត់វិញបានចេញទៅដើរលេងរហូតដល់ព្រឹកឡើងទើបត្រឡប់មកផ្ទះវិញឃើញទ្វារបងនិងទ្វារផ្ទះចំហ ក៏ស្រែកហៅគាត់ជាបងស្រី។ ពេលនោះគាត់និងស្វាមីបានក្រោកឡើងទើប មានការភ្ញាក់ផ្អើលថា មានករណីចោរគាស់ផ្ទះលួចយកទ្រព្យសម្បត្តិក្នុងផ្ទះស្ទើរគ្មានសល់។
ស្រី្តរងគ្រោះបានឲ្យដឹងទៀតថា សម្ភារៈបាត់បង់ដែលចោរគាស់ផ្ទះយកទៅនោះមាន លុយចំនួន៤៣០០ដុល្លារ ម៉ូតូស្គូពីមួយគ្រឿង ទូរសព្ទដៃម៉ាសាំសុងមួយគ្រឿង និងរបស់របរ ប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់ជាង៧ពាន់ដុល្លារ ។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ឫស្សីកែវឲ្យជួយស្រាវជ្រាវ វែកមុខជនសង្ស័យតែប៉ុណ្ណោះ តែត្រង់សង្ឍឹមថារកឃើញវិញយ៉ាងណានោះ ហាក់ដូចជាគ្មានផ្លូវឡើយ ៕ អរុណរះ