ព័ត៌មានទាន់ហេតុការណ៍៖

ជាតិស្រាចូលខ្លួនត្រឡប់មកផ្ទះត្រូវឪពុកស្ដីបន្ទោសទាយកាំបិតកាប់រហូតដល់ស្លាប់ទាំងយប់

ចែករំលែក៖

 

ខេត្តស្វាយរៀងៈ បុរសចិត្តឃោរឃៅម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ខណៈស្រវឹងស្រាជោក ត្រឡប់មកផ្ទះ ត្រូវឪពុកស្ដីបន្ទោសបន្តិចបន្តួច ផ្ទុះកំហឹងបានទាញយកកាំបិតកាប់រហូតដល់ស្លាប់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង២និង៤៦នាទី នៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លី ថែ អាយុ២៩ឆ្នាំ មុខរបរកសិករ មានទីលនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំពោះជនរងគ្រោះជាឪពុកមានឈ្មោះ លី ចាន់ថន អាយុ៥៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅនៅភូមិ ឃុំជាមួយគ្នា ដោយរងរបួសត្រង់កំភូនដៃស្តាំហូរឈាមជាច្រើនបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចនគរបាលបន្តថា មុនពេលមានរឿងកាប់សម្លាប់គ្នាកើតឡើង ដោយឈ្មោះ លី ថែ ជនសង្ស័យជាកូនបានផឹកស្រាឡើងស្រវឹង ហើយត្រឡប់មកផ្ទះឃើញដើរទ្រេតទ្រោតចង់ដួល ទើបបុរសជាឪពុកបានស្ដីបន្ទោសពីរឿងមិនចេះជួយធ្វើការរកស៊ី ចេះតែដើរផឹកស៊ី ដោយសារឪពុកស្ដីឲ្យ ណាមួយជាតិស្រវឹងចូលខ្លួន ក៏កើតមានទំនាស់ពាក្យសម្ដីគ្នារហូតដល់ស្ទុះទៅយកកាំបិតកាប់ឪពុកបង្កើតទាល់តែស្លាប់ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនយកទៅសាកសួរអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖