ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញរថយន្តធុនទេសចរណ៍១គ្រឿងត្រូវបានគេយកមកប្លុងចោល

ចែករំលែក៖

 

ភ្នំពេញៈ សមត្ថកិច្ចបានប្រទះឃើញរថយន្ត១គ្រឿង ត្រូវបានជនមិនស្គាល់មុខ យកមកចតប្លុងទុកចោលនៅតាមផ្លូវសាធារណៈ នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាំងពីយប់ថ្ងៃទី៦ ខែមិថុនា លុះដល់ម៉ោង១១កន្លះព្រឹក នាថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៧ ទើបប្រជាជនរាយការណ៍ប្រាប់ប៉ូលិសមូលដ្ឋានឲ្យមកយកទៅរក្សាទុក។

លោកដួង វណ្ណះ នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានប្រាប់ក្រុមអ្នកកាសែតថា លោក ទើបតែទទួលបានព័ត៌មាននេះនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៧ ខែមិថុនា ប៉ុន្តែបើ តាមសេចក្តីរាយការណ៍ពីប្រជាជននៅក្បែរកន្លែងកើតហេតុនោះបានឲ្យដឹងថា កាលពីយប់មិញថ្ងៃទី៦ ខែមិថុនា មានមនុស្ស៣នាក់ជិះក្នុងរថយន្តនេះ មកជួបមិត្តភក្តិគេ ប៉ុន្តែនៅពេលជួបនិយាយ រួចមិនដឹងជាយ៉ាងម៉េច ស្រាប់តែនាំគ្នាចេញទៅបាត់ ដោយចតរថយន្តខាងលើម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A 7616 ទុកចោលនៅទីនេះ។

ប្រភពដដែលបានបន្តថា ប្រជាពលរដ្ឋនៅក្បែរនោះដែលបានឃើញហេតុការណ៍នេះ តាំងពីយប់រហូតដល់ថ្ងៃត្រង់មិនឃើញមកយកហើយបង្កឲ្យកកស្ទះតាមដងផ្លូវសាធារណៈផង ទើបរាការណ៍មកប្រាប់សមត្ថកិច្ចនគរបាលមូលឲ្យមកត្រួតពិនិត្យ។

ប៉ូលិសបានជួលជាងសោ មកឆ្កឹះបើកទ្វាររថយន្តនេះដើម្បីត្រួតពិនិត្យមើល តែពុំមានឃើញវត្ថុអ្វីចម្លែក ឬល្មើសច្បាប់នោះទេ ហើយក៏នាំយករថយន្តនេះទៅរក្សាទុកនៅអធិការដ្ឋានស្រាវជ្រាវរកម្ចាស់ឲ្យមកទទួលយកវិញ៕ តុង សីហា


ចែករំលែក៖