ព័ត៌មានទាន់ហេតុការណ៍៖

នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកបាទីរងការចោទពីពលរដ្ឋរឿងជំរិតទាលុយដល់ក្នុងផ្ទះ

ចែករំលែក៖

 

ខេត្តតាកែវ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ៤ ស្រុកដែលរួមមាន ១ ស្រុកបាទី ២ ស្រុកសំរោង ៣ ស្រុកព្រៃកប្បាស ៤ ស្រុកអង្គរបុរី បានឲ្យដឹងថា លោក ចាន់ សុវណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើបាទី បានដើរជំរិតទារលុយពីពួកគាត់ ដល់ក្នុងផ្ទះជាថ្នូរនឹងបានទម្លាក់ឈើផ្ទះចាស់។

សេចក្តីរាយការណ៍បញ្ជាក់ថា ពលរដ្ឋ ៤ ស្រុកខាងលើ ដែលមានមុខរបរដឹកឈើផ្ទះចាស់ដើម្បីយកទៅធ្វើផ្ទះលក់ឲ្យពលរដ្ឋបន្តទៀត តែត្រូវបានលោក ចាន់ សុវណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើបាទី តម្រូវឲ្យពួកគាត់បង់លុយឲ្យរូបលោកក្នុង១០០ដុលារ បើមិនបង់លុយឲ្យរូបគាត់ទេ ឈើផ្ទះចាស់មិនអាចទម្លាក់ដល់ដីបាននោះទេ។

ប្រភពដដែលបានបន្តទៀតថា ប្រជាពលរដ្ឋដឹកឈើផ្ទះចាស់មានច្បាប់អនុញ្ញាតឲ្យដឹកជញ្ជូនត្រឹមត្រូវពីសំណាក់អាជ្ញាធរមូលដ្ឋាន តែពេលពួកគាត់ដឹកឈើមកដល់ផ្ទះ បែរជាលោក ចាន់ សុវណ្ណា ខាងលើមកអង្គុយចាំយកលុយយ៉ាងស្រួល ហើយបើទោះបីជាពលរដ្ឋដឹកឈើផ្ទះចាស់ដល់ផ្ទះបាន ៣ ទៅ ៤ ថ្ងៃហើយក៏ដោយ ក៏លោក ចាន់ សុវណ្ណា បើករថយន្តមកយកលុយដដែល។ ពលរដ្ឋ ៤ ស្រុកខាងលើស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាមានវិធានការចំពោះការដើរជំរិតទារលុយពីសំណាក់លោក ចាន់ សុវណ្ណា នេះផង ។

ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោក ចាន់ សុវណ្ណា នាយសង្កាត់រដ្ឋបាលព្រៃឈើបាទីបានទេដោយទូរស័ព្ទមិនចូល។ ចំណែកលោក សួស សាយឿន នាយផ្នែករដ្ឋបាលព្រៃឈើខេត្តតាកែវ បានឲ្យដឹងថា លោកមិនបានបញ្ជាឲ្យលោក ចាន់ សុវណ្ណា ដើរជំរិតទារលុយពីពលរដ្ឋរកស៊ីដឹកឈើផ្ទះចាស់នោះទេ តែបើបុគ្គលខាងលើធ្វើបែបនេះ គឺខុសច្បាប់ ហើយបុគ្គលនោះទទួលខុសត្រូវដោយខ្លួនឯង ។

លោក ញឹប ស្រ៊ន ប្រធានមន្ទីកសិកម្មខេត្តតាកែវ បានឲ្យដឹងថា លោកមិនបានដឹងថា បុគ្គលខាងលើដើរធ្វើអ្វីខ្លះនោះទេ ព្រោះលោកពិបាកគ្រប់គ្រងណាស់ដោយលោកមានការងារច្រើន ដូច្នេះ លោកអ្នកយកព័ត៌មានសួរទៅលោក ចាន់ សុវណ្ណា ដោយខ្លួនឯងទៅ ៕ ភ្នំដា


ចែករំលែក៖