ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេឃើញដេកដួលក្នុងថ្លុកឈាម រងរបួសពេញផ្ទៃមុខ ហើយត្រូវបានអ្នកឃើញហេតុការណ៍ហៅរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ មិថុនា ២០១៧ នៅបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិដំណាក់សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នេះមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ពីជនរងគ្រោះនោះទេ ពីព្រោះជនរងគ្រោះរងរបួសធ្ងន់ និងដាច់អណ្តាតបាក់ធ្មេញសន្លប់ស្តូក ។
បើតាមសាក្សីជុំវិញកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុគេបានឭសំឡេង ស្រែកហៅឲ្យគេជួយ និងមានការប្រតាយប្រតប់គ្នាមួយប្រាវ ក្រោយមក ក៏ស្ងាត់ទៅវិញ លុះដល់ពេលឃើញសមត្ថកិច្ចមកពិនិត្យ ទើបគេដឹងថា ជាករណីវាយយកម៉ូតូ ព្រោះនៅកន្លែងកើតហេតុ គេឃើញមានបំណែកបាក់បែកផ្នែកខ្លះរបស់ម៉ូតូបន្សល់ទុកនៅកន្លែងកើតហេតុ ព្រមទាំងជនរងគ្រោះសន្លប់ស្ដូកនៅកន្លែង។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅក្លីនិកឯកជន រង់ចាំជនរងគ្រោះដឹងខ្លួនទើបដឹងសាច់រឿងច្បាស់ជាងនេះ ៕ តុង សីហា