ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យរឿងគំនុំទៅព្យាបាលម្តាយក្មេក កូនប្រសាម្នាក់ជះថ្នាំបាញ់ស្វាយដាក់ភ្នែកគ្រូពេទ្យ

ចែករំលែក៖

ខេត្តកណ្តាលៈ សង្ស័យជារឿងគំនុំមួយបន្ទាប់ពីបុរសម្នាក់យកទឹកមានលាយថ្នាំពុលបាញ់ស្វាយ មកជះចំផ្ទៃមុខនិងចូលភ្នែកគ្រូពេទ្យឯកជនម្នាក់ បណ្តាលឲ្យមានអាការៈឈឺផ្សារយ៉ាងខ្លាំង ត្រូវបានសាច់ញាតិដឹកយកមកព្យាបាលនៅឯភ្នំពេញភ្លាមៗ ហើយជនសង្ស័យបានគេចខ្លួនបាត់។

ករណីដែលគេសង្ស័យថាជារឿងគំនុំនេះកើតឡើងកាលពីវេលាម៉ោង៦ ព្រលប់ ថ្ងៃទី៦ខែ មិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មន្រ្តីនគរបាលប៉ុស្តិ៍កំពង់ស្វាយបានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ គុណ តាំងអូន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យឯកជនប្រចាំជនឃុំ មានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អ៊ី ចន្ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅជាមួយនឹងជនរងគ្រោះដែរ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានទៅព្យួរសេរ៉ូមឲ្យម្តាយក្មេកជនសង្ស័យដែលមានជំងឺប្រចាំកាយ ហើយក្រោយពីព្យូរសេរ៉ូមរួច គ្រូពេទ្យជាជនរងគ្រោះបាននៅអង្គុយលេងនៅផ្ទះអ្នកជំងឺមិនទាន់ទៅផ្ទះវិញទេ។លុះបានមួយសន្ទុះ ក៏លាម្ចាស់ផ្ទះត្រឡប់ទៅផ្ទះវិញហើយពេលជនរងគ្រោះដើរជិតដល់ម៉ូតូរបស់ខ្លួនបម្រុងបញ្ឆេះជិះទៅផ្ទះ ស្រាប់តែលេចមុខជនសង្ស័យយកទឹកមានលាយថ្នាំពុល សម្រាប់បាញ់ស្វាយ ជះទៅលើជនរងគ្រោះបណ្តាលឲ្យត្រូវចំភ្នែកខាងឆ្វេងរងការឈឺចុកចាប់យ៉ាងខ្លាំង។ ក្រោយបង្កហេតុរួចជនសង្ស័យបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវក្រុមបានគ្រួសារដឹកយកទៅព្យាបាលភ្នែក នៅឯរាជធានីភ្នំពេញភ្លាមៗដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងករណីនេះសង្ស័យជារឿងគំនុំអ្វីមួយដែលកើតឡើង រវាងជនសង្ស័យ និងជនរងគ្រោះ ដែលមកដល់ពេលនេះសមត្ថកិច្ចកំពុងសាកាសួរសាក្សី និង ស្រាវជ្រាវឲ្យឃើញពីមូលហេតុនៃគំនុំកើតឡើងដោយសាររឿងអ្វី ។

យ៉ាងណានៅថ្ងៃ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយរួចហើយដើម្បីងស្វែងរកចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ឲ្យបាន៕ ប្រាថ្នា


ចែករំលែក៖