សារព័ត៌មានរុស្ស៊ីបានផ្សាយថា រាល់ ការដាក់ទណ្ឌកម្ម និងការធ្វើសមយុទ្ធ របស់អាមេរិក ទៅលើកូរ៉េខាងជើង មិន ធ្វើឲ្យប្រទេសនេះភ័យខ្លាច ឬផ្អាកសកម្មភាពបរមាណូឬមីស៊ីលនោះឡើយទេ បែរ ជាបង្កើនឡើងថែមទៀត។
គេហទំព័រ Sputnik របស់រុស្ស៊ីបានចុះផ្សាយនៅថ្ងៃទី៩ខែមិថុនា នូវអត្ថបទវិភាគ មួយ ដោយក្នុងនោះបានបញ្ជាក់ថា ស្ថានភាពតានតឹងនៅកូរ៉េខាងជើងបានបញ្ចប់ទៅហើយដោយគ្មានសង្គ្រាមកើតឡើង ឡើយ ។
មូលហេតុដែលជំរុញឲ្យស្ថានភាពកាន់តែតានតឹងគឺដោយសារតែកូរ៉េខាងជើង មិនបោះបង់ ការប្តេជ្ញារបស់ខ្លួនបើទោះបីមានការគំរាមកំហែង បញ្ជូនកម្លាំងទ័ព និងអាវុធជាច្រើន មកភ្ជង់កូរ៉េខាងជើងក្តី។ តាមការវិភាគរបស់សារព័ត៌មានរុស្ស៊ី បាន បញ្ជាក់ថា សង្គ្រាមចិត្តសាស្ត្រប្រាជ្ញាកូរ៉េខាងជើង ពិតជាទទួលបានជ័យជម្នះ ។
កត្តាមួយចំនួនដែលនាំឲ្យកូរ៉េខាងជើងយកឈ្នះលើអាមេរិក នៅក្នុងសង្គ្រាម ប្រាជ្ញា ដោយសារតែកូរ៉េខាងជើង បានដឹងពីយុទ្ធសាស្ត្រពិតប្រាកដរបស់អាមេរិក ក្នុងនោះ។
ទីមួយ- គឺអាមេរិកមិនហ៊ានប្រែក្លាយពីការគំរាមកំហែងឲ្យទៅជាសង្គ្រាមវាយ ប្រហារពិត។ តាមការពិតគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក មិនមានការ ប្រែប្រួលឡើយ ។ ការដាក់ទណ្ឌកម្មទៅ លើកូរ៉េខាងជើង ក្រោយការបាញ់មីស៊ីល ជាបន្តបន្ទាប់ ការពិត គឹជាផ្លូវទ័លដែល អាមេរិកត្រូវដើរ គឺគ្មានអ្វីក្រៅពីការដាក់ ទណ្ឌកម្មនោះឡើយ (ធ្វើអីគេមិនកើត,វាយប្រហារមិនបាន,គំរាមមិនខ្លាច » ទាំងនោះហើយគឺជាការបរាជ័យរបស់អាមេរិក។
ទីពីរ- កូរ៉េខាងជើងបានត្រៀមលក្ខណៈពិតប្រាកដនៅក្នុងការធ្វើសង្គ្រាម ។ ជប៉ុនក៏ ទទួលស្គាល់ថាកូរ៉េខាងជើង គឺចាអ្នកគំរាម កំហែងពិតប្រាកដ ហើយកូរ៉េខាងជើងក៏ បានធ្វើសមយុទ្ធ ស្តីពីយុទ្ធសាស្ត្រ នៃការ វាយប្រហារដោយមីស៊ីលរបស់អាមេរិក និងការវាយបកវិញរបស់កូរ៉េខាងជើង។
ទីបី- កូរ៉េខាងជើងពង្រឹងសកម្មភាព បរមាណូដោយប្រទេសនេះមានបរមាណូវាយប្រហារ បានគ្រប់ពេល ក្នុងនោះមានទាំងមីស៊ីលបំពាក់បរមាណូ Pukguksong -2 ។ ប្រព័ន្ធការពាររបស់អាមេរិកនៅកូរ៉េខាងជើង មិនបានដឹង ពីការសាកល្បងពីរលើកមកហើយនូវប្រភេទមីស៊ីលខាងលើ។ទាំងនោះហើយអាចបញ្ជាក់បានថាកូរ៉េខាងជើងអាចវាយប្រហារដោយចៃដន្យ គ្មាន អ្នកណាម្នាក់ដឹង។
កន្លងមកអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ ទីមួយ ទីពីរ រហូតដល់ទីបី ដែលមានយន្តហោះចម្បាំង រហូតដល់ទៅ ២៧០គ្រឿង ក្រៅពីនេះនៅមាននាវាមុជ ទឹក៤គ្រឿងដើរដោយថាមពលបរមាណូ បំពាក់កាំជ្រួចមីស៊ីល ៧០០ និងយន្តហោះទមា្លក់គ្រាប់យុទ្ធសាស្ត្រ B 1 ហោះហើរចូលទឹកដីកូរ៉េខាងជើងទៀតផង តែកូរ៉េខាងជើងមិនខ្លាចចំពោះការគំរាមកំហែងនោះឡើយ។
មិនតែប៉ុណ្ណោះកន្លងមកថ្មីៗកូរ៉េខាងជើងក៏បានសាកល្បងមីស៊ីលប្រឆាំងនាវាចម្បាំង ទុកសម្រាប់វាយប្រហារនាវារបស់សត្រូវដែលចូលក្នុងដែនទឹកកូរ៉េខាងជើង។
នៅព្រឹកថ្ងៃសុក្រទី៩ ខែមិថុនានេះ សាធារណរដ្ឋប្រជាធិបតេយ្យ កូរ៉េ (DPRK) បានបញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីល ប្រភេទថ្មីមួយ ដែលអាចមានសមត្ថភាព ប្រឆាំងទាំងនៅលើគោក និងនៅក្នុងទឹក កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនា។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បាន ចុះផ្សាយនៅព្រឹកថ្ងៃសុក្រទី៩ ខែមិថុនា នេះ។
វាជាការបាញ់មីស៊ីល លើកទី៤ហើយ សម្រាប់ក្រុងព្យុងយ៉ាង នៅរយៈពេល១ខែ ។
ទីភ្នាក់ងារព័ត៌មានកូរ៉េ (KCNA) បាន ឲ្យដឹងថា មេដឹកនាំ DPRK គីម ជុងអ៊ុន ជាអ្នកដែលចង្អុលបង្ហាញ ដោយផ្ទាល់ក្នុង ការ បាញ់គ្រាប់មីស៊ីល គឺ “មានសមត្ថភាព ខ្លាំងក្លា មានន័យថា អាចបាញ់កម្ទេចនាវាសត្រូវនៅក្នុងសមរភូមិ” ។
សេចក្តីរាយការណ៍ បានបញ្ជាក់ថា គ្រាប់មីស៊ីលដែលបាន បាញ់កាលពីម្សិល មិញ គឺបានធ្លាក់នៅក្នុងដែនសមុទ្រ នៃឧបទ្វីបកូរ៉េ និងជប៉ុន ។
នៅមិនទាន់មានព័ត៌មានណាមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងចំនួនគ្រាប់មីស៊ីលពិតប្រាកដដែលកូរ៉េខាងជើងបានបាញ់ជាថ្មី នាថ្ងៃព្រហស្បតិ៍ទី៨ ខែមិថុនានេះទេ។ តែអ្វីដែលគេដឹង គ្រាប់មីស៊ីលជាច្រើនគ្រាប់ត្រូវបានកូរ៉េខាងជើងបាញ់ចេញពីកំពង់ផែ Wonsan ដែលបែរមុខចំប្រទេសជប៉ុន និងដែលសេនាធិការដ្ឋាននៃកងទ័ពកូរ៉េខាង ត្បូងបានប្រាប់ឲ្យដឹងថា គ្រាប់មីស៊ីលទាំងនោះបានធ្លាក់ចូលក្នុងសមុទ្រជប៉ុន បន្ទាប់ ពីហោះបានចម្ងាយ ២០០គីឡូម៉ែត្រ និង ក្នុងកម្ពស់ ២គីឡូម៉ែត្រ។
ម្យ៉ាងទៀត គ្រាប់មីស៊ីលទាំងនោះត្រូវបានបាញ់ចេញពីនាវា ឬមួយក៏ពីនាវាមុជ ទឹក និងដែលគោលដៅរបស់គ្រាប់មីស៊ីលទាំងនេះសម្រាប់វាយប្រហារលើនាវា។ គេអាចនិយាយបានថា ការដែលកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទនេះ គឺជាសារព្រមានមួយដែល របបក្រុងព្យុងយ៉ាងចង់បញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ ការហ៊ានអះអាងយ៉ាងដូចនេះក៏ដោយសារថា ការបាញ់គ្រាប់មីស៊ីលប្រភេទនេះបានធ្វើឡើង មួយថ្ងៃក្រោយពីនាវាចម្បាំងពីរគ្រឿងរបស់អាមេរិកាំងទើបបានចាកចេញពីតំបន់នោះ។
តាមអ្នកនាំពាក្យរបស់សេនាធិការដ្ឋានកូរ៉េខាងត្បូង ការសាកល្បងគ្រាប់មីស៊ីលប្រភេទនេះហាក់មិនបានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខទេ ព្រោះសេចក្តីសម្រេចបានហាមតែការសាកល្បងគ្រាប់មីស៊ីលអន្តរទ្វីបប៉ុណ្ណោះ។ យ៉ាង ណាក៏ដោយ ក្រុមអ្នកវិភាគនៅកូរ៉េខាងត្បូងបានយល់ឃើញថា ការដែលរបបក្រុងព្យុងយ៉ាងបន្តបាញ់សាកល្បងគ្រាប់មីស៊ីល គ្រប់បែប និងបាញ់ញឹកញាប់សឹងរាល់ សប្តាហ៍ នាពេលនេះ គឺក្នុងបំណងទទួលបានកិច្ចចរចានាពេលខាងមុខ ពិសេសកិច្ចចរចាជាមួយកូរ៉េខាងត្បូងដែលលោកប្រធានាធិបតីថ្មីមូន ចាយអុីនចង់បាន និងជាមួយ អាមេរិកដែលលោកដូណាល់ ត្រាំធ្លាប់បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅ។
ដោយឡែក និងក៏ដូចជាសព្វមួយដង ជប៉ុនតាមរយៈអ្នកនាំពាក្យក្រសួងការ បរទេសលោកហ្វ៊ូមីយ៉ូ គីហ្សុីដាបានថ្លែងថា ជប៉ុននឹងមិនអាចអនុគ្រោះឲ្យមានការបង្ករឿងរបៀបនេះ និងទទួលស្គាល់ថា ទង្វើ របស់កូរ៉េខាងជើងលើកនេះមិនបានផ្តល់ ផលវិបាកភ្លាមៗដល់សន្តិសុខរបស់ជប៉ុនឡើយ៕ ម៉ែវ សាធី