ព័ត៌មានទាន់ហេតុការណ៍៖

អុីស្រាអែលមិនខ្វល់ពីការរិះគន់ បន្តសាងសង់ផ្ទះនៅតំបន់មានវិវាទជាមួយប៉ាឡេស្ទីន

ចែករំលែក៖

កន្លងមកទាំងអង្គការសហប្រជាជាតិ និង ប៉ាឡេស្ទីនបានស្នើឲ្យអុីស្រាអែល បញ្ចប់ការសាងសង់ លំនៅឋាននៅលើទឹក ដីដែលមានវិវាទ ដែលអីុស្រាអែលកាន់​កាប់ខុសច្បាប់។ ប៉ុន្តែដោយសារតែកង្វះ ផ្ទះរស់នៅ របស់ពលរដ្ឋ និងដើម្បី ពង្រាយពលរដ្ឋរបស់ខ្លួនទៅរស់នៅក្នុងតំបន់ដែលមានវិវាទនោះកាន់តែច្រើន អុីស្រាអែល ​ បានសម្រេចបន្តសាងសង់ផ្ទះជាច្រើនពាន់ខ្នងនៅទីនោះ។

សារព័ត៌មានស៊ីនហួ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា គណៈកម្មការជាតិរបស់រដ្ឋាភិបាលអុីស្រាអែល បានធ្វើ ការផ្តល់សិទ្ធិអនុញ្ញាត ក្នុងការសាងសង់ អគារបន្ថែម ទៅកាន់តំបន់West Bank ទោះបីជាមានការប្រឆាំងរបស់រដ្ឋាភិបាល ប៉ាឡេស្ទីនក្តី។

កាលពីថ្ងៃពុធគណៈកម្មការជាន់ខ្ពស់របស់ប្រទេសអុីស្រាអែល ជាអ្នកប្រកាសនូវ ព័ត៌មានមួយនេះ ហើយដោយក្នុងនោះខ្លួន បានអនុញ្ញាត ឲ្យមានការសាងសង់ចាប់ ផ្តើម ពីក្នុងតំបន់Amichai ដែលតាម គម្រោងអគារស្នាក់នៅ ប្រមាណជា១០២ ខ្នង នឹងត្រូវបើកការដ្ឋានសាងសង់នៅទីនោះ។

គួរបញ្ជាក់ដែរថា កាលពីដើមសប្តាហ៍ កន្លងទៅ រដ្ឋាភិបាលអុីស្រាអែល បាន យល់ព្រមរួចរាល់ក្នុងការជំរុញ ឲ្យមានការ សាងសង់អគារបែបស្នាក់នៅ ប្រមាណជា ៣០០០បន្ថែម ទៅកាន់តំបន់ដដែលនេះ ខណៈដែលអ្នកឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅអុីស្រាអែល បានបញ្ជាក់ថា មានអគារស្នាក់នៅ ប្រមាណ៣.១៧៨ខ្នង ដែលបានធ្វើរួចរាល់នៅក្នុងសប្តាហ៍នេះ។

ការសាងសង់នៅតំបន់ដែលមានវិវាទធ្វើឡើងយ៉ាងឆាប់រហ័សបំផុត ដោយកម្មករសំណង់ភាគច្រើនទៅពីប្រទេសចិន ហើយ មានវេនធ្វើការទាំងថ្ងៃទាំងយប់ ឲ្យឆាប់ ហើយ។

កន្លងមកអាមេរិកបានសន្យាជាមួយ ​ ប្រធានាធិបតីប៉ាឡេស្ទីនថានឹងជួយស្វែង រកសន្តិភាពនៅក្នុងតំបន់ ប៉ុន្តែអុីស្រាអែល នៅតែបំពាន ដោយសាងសង់ នៅតំបន់ មានជម្លោះ៕ ម៉ែវ សាធី


ចែករំលែក៖