ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងដឹកឈើប្រណីតចេញពីខេត្តព្រះវិហារមកជាប់អន្ទាក់នគរបាលសេដ្ឋកិច្ចកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តសាំយ៉ុងដឹកឈើប្រណីតមួយគ្រឿង ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបាន ខណៈកំពុងធ្វើសកម្មភាពដឹកឈើប្រណីតចេញមកពីខេត្តព្រះវិហារឆ្លងកាត់ទឹកដីខេត្តកំពង់ធំ ដល់ចំណុចភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧។

លោកអនុសេនីយ៍ឯក យឹម សោភ័ណ្ឌ នាយរងផ្នែកការិយាល័យប្រឆាំងបទល្មើសនៃស្នងការនគរបាលខេត្តប្រាប់ថាដោយទទួលបានព័ត៌មានពីបណ្តាញសម្ងាត់ប្រាប់ថា មានរថយន្តប្រភេទសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 2A-4612 កំពង់តែដឹកឈើប្រណីតចេញមកពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំនោះ លោកក៏បានសុំបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី អ៊ុក កុសល់ ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងចំនួន៣នាក់ ឃ្លាំមើលនៅចំណុចភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ។

ប្រភពបន្តថា នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចក៏បានជួបនឹងរថយន្តដូចភិនភាគខាងលើ កម្លាំងក៏បើករថយន្តតាមកាក់រហូតមកដល់ចំណុចខាងក្រោយផ្សារកំពង់ធំ ស្ថិតក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន តៃកុងរថយន្ដឃើញសភាពមិនស្រួលបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏បាននាំយករថយន្តល្មើសទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចងក្រងសំណុំរឿងរួចប្រគល់ទៅឲ្យខាងរដ្ឋបាលព្រៃឈើ រួមនឹងវត្ថុតាងមាន រថយន្ត និង ប្រណីតប្រភេទធ្នង់ចំនួន៤១ដុំ ដើម្បីឲ្យខាងជំនាញវាស់វែង និងចាត់ការតាមផ្លូវច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖