ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកទន្លេបាសាក់ទើរក្បែរស្ពានព្រែកសំរោង

ចែករំលែក៖

ខេត្តកណ្តាល៖ សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតតាមខ្សែទឹកទន្លេបាសាក់ មកទើរក្បែរស្ពានព្រែកសំរោងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៥ និង​១៥​នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែក​សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញអណ្តែតតាមខ្សែទឹកទន្លេបាសាក់ មកទើរនៅខាងមុខវត្តព្រែកសំរោង ក៏ប្រញាប់​រាយការណ៍ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចនគរ​បាលក្រុងតាខ្មៅ សហការជាមួយនគរបាលប៉ុស្តិ៍ ចុះទៅស្រង់សាកសពជនរងគ្រោះឡើងមក​លើគោក ដើម្បីធ្វើការត្រួតពិនិត្យ ។

ប្រភពដដែលបានបន្តថា សាកសពអណ្តែតទឹកខាងលើនេះមិនទាន់​ស្គាល់អត្តសញ្ញា​នោះទេ សពមានភិនភាគដូចខាងក្រោម៖ ភេទប្រុស ,អាយុប្រហែល៣៥ឆ្នាំ កម្ពស់១.៧០​ម៉ែត្រ ,ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៌ទឹកប៊ិច ,ពាក់អាវដៃវែង ពណ៌ពង​ក្រសាខ្ចី ,សក់​ក្បាលទើបកាត់ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យា​សាស្ត្របានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក មិនមានជាប់ពាក់ព័ន្ធទៅនឹងបទ​ល្មើសអ្វីឡើយ ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ​ទៅឲ្យអាជ្ញាធរសង្កាត់ក្រុងតាខ្មៅ ចាត់ចែងបូជាយកធាតុទៅរក្សាទុកក្រែងលមានសាច់ជាតិ​បានដឹងមកទទួលយកនៅពេលក្រោយ ៕ ស្អាងជ័យ


ចែករំលែក៖