ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកស្ត្រីម្នាក់នៅលើផ្លូវជាតិលេខ៦ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តមិនស្គាល់ម៉ាកបើកបោះពួយយ៉ាងលឿនបុកស្ត្រីវ័យចំណាស់ម្នាក់ បណ្តាល​ឲ្យដួលបោក​ទៅលើផ្លូវស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២០ និង​៥៥​នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០​១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូ​ម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិ​វត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិត​នោះឈ្មោះ ថុល ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ។ ចំណែកឯរថយន្តមិនស្គាល់ម៉ាកបានបើកគេចបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ត្រីរងគ្រោះផឹកស្រា​រហូតស្រវឹងជោកជាំហើយបានដើរឆ្លងផ្លូវ ខណៈនោះក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក​បើកមកដល់បុកស្ត្រីរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យប៉ើងខ្ទាតដួលបោកទៅលើផ្លូវស្លាប់​ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរ​បាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖