ភ្នំពេញៈ បុរសជនជាតិបរទេសម្នាក់ បានហូបនំសូកូឡាម៉ាក OREO ជាមួយទឹកសូដា បណ្ដាលឲ្យប្រតិកម្មអង្គុយសន្លប់នៅលើកៅអី លែងមាត់លែងកអ្វីទាំងអស់ មើលទៅមិនចង់គួរឲ្យជឿនាវេលាម៉ោងប្រមាណ៩និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចពន្លឺម៉ាត ផ្ទះលេខ១៤E0 តាមបណ្ដោយផ្លូវលេខ១៧២ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌខណ្ឌដូនពេញ បង្កភ្ញាក់ផ្អើលទាំងយប់ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសបរទេសជនជាតិអឺរ៉ុបមិនស្គាល់ឈ្មោះម្នាក់អាយុជាង៣០ឆ្នាំស្លៀកខោខ្លីលើក្បាលជង្គង់ និងពាក់អាវយឺតវៀលឃ្លៀកបានទៅអង្គុយហូបនំសូកូឡាជាមួយទឹកសូដា ១កំប៉ុង ។ មួយសន្ទុះក្រោយមកទំនងជាប្រតិកម្មអាហារទាំងនេះស្រាប់តែ ឃើញបុរសបរទេសនោះទន់ដៃជើង បាត់មាត់បាត់ក សន្លប់បាត់ស្មារតី ទន់កនៅលើកៅអី ហើយសូម្បីអ្នាកជិតខាងចូលទៅដាស់ ក៏មិនងើបដែរ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ពេលឃើញដូច្នេះក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ហើយបានហៅរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ គ្រាដែល គេឃើញមានបារី១កញ្ចប់ ម៉ាក Mevius ទឹកសូដាមួយកំប៉ុង និងនំសូកូឡាម៉ាក OREO មួយកញ្ចប់ ដែលសល់ពីបុរសរងគ្រោះហូបត្រូវសមត្ថកិច្ចយកទៅធ្វើជាភស្តុតាងនិងទុកឲ្យគ្រូពេទ្យស្រាវជ្រាវរកសារធាតុពុល ៕ ប្រាថ្នា