ភ្នំពេញ៖ លោកចោរចូលលួចម៉ូតូលោកតាអាចារ្យវត្តក្រាំងធ្នង់ទាំងថ្ងៃ បានជិះគេចខ្លួនដោយសុវត្ថិភាព ខណៈរូបគាត់បានទុកនៅក្បែរខ្លួនហើយចងអង្រឹងសម្រាន្តដោយមិនបានដកកូនសោចេញ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តក្រាំងធ្នង់ ភូមិត្រពាំងជើង ស្រុកសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
លោកតារងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ តុម សឿន អាយុ៨០ឆ្នាំ មុខរបរជាគណៈកម្មាធិការអាចារ្យវត្តក្រាំងធ្នង់ ស្នាក់នៅភូមិក្រាំងអង្ក្រង១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រភពពីលោកតាអាចារ្យដែលស្លៀកក្រមា ជិះម៉ូតូកង់បីដែលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ឲ្យជួយអន្តរាគមន៍បានឲ្យដឹងថានៅពេលកើតហេតុ រូបគាត់បានទុកម៉ូតូ១គ្រឿង ម៉ាកស៊ុយសុីគី ស្មាស់វី ពណ៌ខ្មៅ មិនចាំស្លាកលេខនៅក្បែរខ្លួន ដោយមិបានដកសោចេញពីម៉ូតូទេ ហើយក៏ចងអង្រឹងសម្រាន្ត ស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូជិះចេញទៅ ទើបគាត់ស្ទុះឡើងពីអង្រឹងស្រែកឲ្យគេជួយដែរ តែជនសង្ស័យជិះចេញទៅយ៉ាងលឿងគេចខ្លួនដោយសុវត្ថិភាព។
លោកតាបន្តទៀតថា សម្ភារដែលបាត់បង់មានម៉ូតូ១គ្រឿង កាតគ្រី ១សន្លឹក អត្តសញ្ញាណប័ណ្ណ២សន្លឹកចាស់១ ថ្មី១ និងលុយ៥០មុឺនរៀល៕ តុង សីហា