ខេត្តកណ្តាលៈ បុរសម្នាក់ជាជាងផ្សាដែក ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំបង្រ្កាបចាប់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញមានថ្នាំញៀនចំនួន២កញ្ចប់ រក្សាទុកនៅជាប់ខ្លួន កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ លួន ខួច ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិសំបុកចាប សង្កាត់គ្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេ តំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២កញ្ចប់ធំ-តូច ,ប្រាក់រៀលចំនួន៥៣៩០០រៀល ,កាបូបដៃចំនួន០១ ,ទូរស័ព្ទដៃចំនួន០២គ្រឿង និងម៉ូតូមួយគ្រឿងម៉ាកស៊ុហ្ស៊ូគីស្តេប ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AL-0029 ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុវេលាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចនករបាលស្រុកកោះធំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១បេ ចាប់ពីអធិការដ្ឋាននគរបាលស្រុកឆ្ពោះមកព្រំប្រទល់ស្រុកស្អាង ខណៈកំពុងល្បាតក៏បានប្រទះឃើញជនសង្ស័យជិះម៉ូតូម្នាក់ឯង ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាង ក៏ចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនខាងលើនេះរូបគេបានរក្សាទុកជាប់ខ្លួន ដើម្បីយកមកធ្វើសកម្មភាពជួញដូរនៅក្នុងភូមិសាស្ត្រស្រុកកោះធំ ក៏កំពុងជិះម៉ូតូតាមដងផ្លូវក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនរូបគេតែម្តង ៕ ស្អាងជ័យ