ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើកម៉ូតូឆ្លងផ្លូវទៅបុករថយន្តកុងតឺន័រកំពង់ផែស្វ័យភ្នំពេញរងរបួសយ៉ាងធ្ងន់

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីម្នាក់បានទទួលរងរបួសយ៉ាងធ្ងន់ បន្ទាប់ពីស្ត្រីរូបនេះបើកម៉ូតូឆ្លងផ្លូវដោយ​ខ្វះ​ការប្រុងប្រយ័ត្នជ្រុលទៅ​បុក​មួយរថយន្តកុងតឺន័ររបស់កំពង់ផែស្វ័យភ្នំពេញ កាលពីវេលាម៉ោង​០៩ និង២៥នាទី ថ្ងៃតី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុង​ភូមិ​ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះវង់ រតនា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ។ ចំណែកឯ​រថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D-2061 ជារថយន្តរបស់កំពង់ផែស្វ័យភ្នំ​ពេញ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញស្ត្រីរងគ្រោះជិះម៉ូតូ​តាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើងហើយបានបត់ឆ្វេងឆ្លងផ្លូវដោយ​ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជ្រុលទៅបុករថយន្តកុងតឺន័រ ដែលកំពុងបើកបរក្នុងទិសដៅពី​ជើងទៅត្បូងពេញមួយទំហឹង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីមានហេតុការណ៍​កើតឡើងអ្នកបើកបររថយន្តានចុះគេចខ្លួនបាត់ រីឯស្ត្រីរងគ្រោះត្រូវបានបញ្ជូនតាមរថយន្ត​សាមុយទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធ​ទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាម​ច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖