ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តសេរីទំនើបចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៧ ស្ថិតនៅផ្លូវ២៦៥ កែងនិងផ្លូវ ១៥០ នៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូម៉ាកសេ ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FH-9161 ជិះដោយបុរសម្នាក់មិនបានស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៦៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើត ស្រាប់តែបុកជាមួយរថយន្ដមួយគ្រឿងម៉ាក ធុនត្រា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2S-3807 ដោយបើកបរដោយបុរសជាជនជាតិចិន ក្នុងទិសដៅពីកើតទៅលិច ដែលកំពុងបើកឆ្លងផ្លូវ ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកម៉ូតូដួលបោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុទាំងរថយន្ដ និង ម៉ូតូ ត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែកសាកសពត្រូវបានយកទៅដំកល់ទុកនៅវត្ដទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា