ភ្នំពេញ៖ យុវជន២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនយោងតាមបណ្តឹងផ្ទាល់មាត់របស់សាច់ញាតិថា មកអុកឡុកក្នុងផ្ទះ ដើម្បីរកលុយទិញថ្នាំញៀនជក់ ។ ឃាត់ខ្លួនយុវជន២នាក់ខាងលើនេះ កាលពីម៉ោង ១៥និង៤០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅផ្ទះលេខ ១៣៤សេផ្លូវលំភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
យុវជនខាងលើទី១ ឈ្មោះ សាំង ឌីនី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ ១៣៤សេផ្លូវលំភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ទី២ឈ្មោះ ស៊ុំ ប៉ោឡាយ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១៦៨ប៉េ ផ្លូវលំភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពពីឈ្មោះ កេង សារ៉ា ភេទប្រុស អាយុ៦៤ឆ្នាំ ត្រូវជាជីតាឈ្មោះ សាំង ឌីនី បានប្រាប់ថា សឹងតែរាលថ្ងៃទៅហើយចៅគាត់តែងតែមកអុកឡុកផ្ទះដើម្បីរកលុយទៅរកទិញថ្នាំញៀនដោយ ទៅជាមួយឈ្មោះស៊ុំ ប៉ោឡាយ តែរហូតមិនថា យប់ឫក៍ថ្ងៃឡើយ ។
ប្រភពបានប្រាប់ទៀតថា លុះថ្ងៃខាងលើបានឃើញចៅគាត់ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់រីវូពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1A-8767 ដែលជាម៉ូតូរបស់ឈ្មោះស៊ុំ ប៉ោឡាយ មកផ្ទះហើយមកអុកឡុកអ្នកផ្ទះអោយរកលុយមកអោយខ្លួនដើម្បីទិញថ្នាំញៀនយកទៅជក់ជាមួយ ស៊ុំ ប៉ោឡាយ ដោយទ្រម និងទង្វើចៅខាងលើមិនបានក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយឃាត់ខ្លួនចៅខាងលើតែម្តង និងបានឈានទៅឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ ស៊ុំ ប៉ោឡាយ ផង ហើយកន្លងមកចៅគាត់នេះធ្លាប់យកទៅដាក់មណ្ឌលកែប្រែចំនួនបីខែដែកតែចេញមកវិញនៅដដែល។
ដោយមានចម្លើយសារភាពចេះប្រើប្រាស់គ្រឿងញៀន បច្ចុប្បន្នយុវជនទាំង២នាក់ខាងលើនេះ បានឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរបន្ត៕ តុង សីហា