ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid ច្រានចោលសំណើដេញថ្លៃទឹកប្រាក់៥២លានផោនរបស់ Man Utd សម្រាប់ Morata

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានដាក់សំណើដេញថ្លៃក្នុងទឹកប្រាក់៥២លានផោន (ស្មើនឹង៦៧លានដុល្លាអាមេរិក) សម្រាប់ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិប Real Madrid ប៉ុន្តែ ត្រូវបានច្រានចោលវិញភ្លាមៗ។

លោក Jose Mourinho គ្រូបង្វឹកក្រុមបិសាចក្រហម កំពុងតែមានបំណងក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់លោក ខណៈដែលខ្សែប្រយុទ្ធ Zlatan Ibrahimovic កំពុងតែស្ថិតក្នុងបញ្ហារបួស និងត្រូវចាកចេញពីក្លិបរដូវកាលក្រោយ ហើយអាជីពរបស់ខ្សែប្រយុទ្ធ Wayne Rooney កំពុងស្ថិតក្នុងភាពស្រពេចស្រពិល។

ប៉ុន្តែ ក្លិបយក្ស Real របស់ក្របខ័ណ្ឌ La Liga បានច្រានចោលសំណើនោះ និងកំពុងតែទាមទារតម្លៃខ្លួនដល់ទៅ ៧៨,៦លានផោន សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញវ័យ២៤ឆ្នាំរូបនេះ។ សំណើរបស់ក្លិប Man United មិនរាប់បញ្ចូលជាមួយនឹង David De Gea ឡើយ ខណៈដែលអ្នកចាំទីរូបនេះគឺជាគោលដៅមួយជាយូរមកហើយសម្រាប់ក្លិប Real Madrid។

ប្រសិនបើការប្រមាញ់ទិញ Morata របស់លោក Mourinho មិនទទួលជោគជ័យ គ្រូបង្វឹករូបនេះ នឹងប្តូរការចាប់អារម្មណ៍របស់លោកទៅកាន់ខ្សែប្រយុទ្ធ Andrea Belotti របស់ក្លិប Torino វិញ។ ការព្រមព្រៀងគ្នាណាមួយជាមួយនឹង Real Madrid នឹងមិនទាក់ទងជាមួយនឹងផ្ទេររបស់អ្នកចាំទី De Gea ឡើយ ៕ ដេវីត


ចែករំលែក៖