ខេត្តមណ្ឌលគិរី៖ ទីតាំងប្រមូលទិញ ស្តុកឈើ ដើម្បីនាំចេញទៅប្រទេសវៀតណាមដ៏ធំជាងគេប្រចាំខេត្តមណ្ឌលត្រូវបានសមត្ថកិច្ចនគរបាលខេត្តនិងជំនាញរដ្ឋបាលព្រៃឈើចុះឡោមព័ទ្ធតាំងពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបចាប់ឡានដឹកឈើពីរប្រភពនាំឈើចេញពីតាំងស្តុកឈើនៅចំណុចភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ោហេង ភេទប្រុស អាយុ១៨ ឆ្នាំ ត្រូវជាប្អូនថ្លៃលោក គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ ហើយជាប្អូនបង្កើតលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
គេបានទម្លាយថា៖ ទីតាំងស្តុកឈើចំនួន២កន្លែងខាងលើជារបស់លោកគួយ សុឃុន ប្អូនបង្កើតលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឈ្មោះ ភ័ក្រ ដែលមានឈើលាក់ទុកជាង១០០ម៉ែត្រគូប ហើយសមត្ថកិច្ចកម្លាំងក្រុមការងារស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបន្តចុះចាប់ ប៉ុន្តែករណីខាងខេត្តខ្លាចកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឈានដល់បំពេញនីតិវិធីឈានដល់ឃាត់ខ្លួនជនពាក់ព័ន្ធដាក់គុក ពិសេសមុខមាត់អាជ្ញាធរ សមត្ថកិច្ច ជំនាញនៅទីនោះសុទ្ធតែមានប្រយោជន៍ឆ្នាំងបាយ ក៏ខាងខេត្តដឹកនាំទៅបង្ក្រាបវិញ បញ្ចៀសរាលដាលពេលខាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាប។ គេបានបន្តថា៖ ឈើនៅទីនោះជាង១០០ម៉ែត្រគូប តែលោកគួយ សុឃុន និង ឈ្មោះ ភ័ក្រ បានជួលប្រជាពលរដ្ឋលីជញ្ជូនចេញសឹងតែអស់ទៅហើយ ខណះឈ្មួញនិងអាជ្ញាធរ សមត្ថកិច្ច ខាងជំនាញមិនដាច់ចិត្តវាយបំបែកឆ្នាំងបាយខ្លួនឯង ម្យ៉ាងទៀតម្ចាស់ឈើជានគរបាលជាប្អូនបង្កើតលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាខ្លោងប្រមូលទិញឈើនាំទៅវៀតណាមធំជាងគេទៀតក៏រៀបចំអោយថ្នាក់ខេត្តបង្ក្រាបដើម្បីបិទរឿង។
ប្រភពពីវៀតណាមបញ្ជាក់ថា៖លោក គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ ហើយជាប្អូនបង្កើតលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានយកលុយពីថៅកែស្រីជនជាតិវៀតណាមជិត១០មុឺនដុល្លារមកប្រមូលទិញឈើយកមកស្តុក ដើម្បីដឹកទៅវៀតណាមតាមច្រកកោះញែក ប៉ុស្តិ៧ និងប៉ុស្តិកែវសីមា ដូច្នេះករណីចាប់ឈើគឺ លោក គួយ សុឃុន គាត់ចំណេញវិញទេ ដោយថៅកែវៀតណាមគេទទួលស្គាល់ថាចាប់ពិតប្រាកដ ចឹងត្រូវផ្តល់លុយមកបន្ថែមទុករត់ការ និងបន្តប្រមូលទិញបន្តដោយមិនអោយដៃគូភ័យបាក់ទឹកចិត្ត។ ដូច្នេះម៉ោងនេះលោក គួយ សុឃុន អាចយកលុយនោះមកចាត់ចែងអោយអាជ្ញាធរ សមត្ថកិច្ច ជំនាញ ដែលជាវប្បធម៍យូរលុងមកហើយរឿងហែកប្រយោជន៍ចែកគ្នាពីប្រភពបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនេះ។
ប្រជាពលរដ្ឋលើកឡើងថា៖ លោក ស្វាយ សំអ៊ាង ជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មានតួនាទីសំខាន់ណាស់បង្ក្រាបបទល្មើសព្រៃឈើក្នុងនាមជាសមាជិកគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ តែផ្ទុយទៅវិញប្អូនបង្កើតជាមេខ្លោងប្រមូលទិញ ស្តុកទុកឈើ និងនាំចេញទៅវៀតណាម ហើយមុខរបរនេះកើតមានរាប់ឆ្នាំមកហើយ? ដូចជាករណីនេះគេហ៊ានទាយទុកហើយថា៖ ទីតាំងម្ចាស់ឈើមានឈ្មោះ គួយ សុឃុន ជាប្អូនបង្កើតលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឈ្មោះ ភ័ក្រ ប្រាកដជាគេមិនបន្តនីតិវិធីឈានដល់ចាប់ខ្លួនអ្នកទាំងនោះទេ គឺសុីលុយហើយគេនឹងដាក់ថា៖ ម្ចាស់ទីតាំងជាអញត្តិជន គ្រាន់តែស្វែងរកមុខប៉ុណ្ណោះ ។ ពាក់ព័ន្ធករណីនេះនគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោក គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ ហើយជាប្អូនបង្កើតលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែកលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងលោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលខេត្តមណ្ឌលគិរីក៏មិនអាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែគេអោយដឹងថា៖ បើសមត្ថកិច្ចចាប់ខ្លួន គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ ហើយជាប្អូនបង្កើតលោកអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានវិញនោះ បទល្មើសព្រៃឈើនៅខេត្តនេះនឹងត្រូវស្ងប់ស្ងាត់ ៕ ល័ក្ស្មុី