ភ្នំពេញ: ទោះជាលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន មិនបានសមប្រកបទៅតាមការចង់បានយ៉ាងណាក៏ដោយ តែរាលបញ្ហារបស់ប្រជាពលរដ្ឋដែលនៅសេសសល់ តាមបណ្តាសង្កាត់ ត្រូវបានលោកអភិបាលខណ្ឌច្បារអំពៅលើកជាប្រធានបទ និងជុំរុញឲ្យលោក-លោកស្រីជាចៅសង្កាត់ត្រូបន្តការដោះស្រាយវិវាទផ្សេងៗ ជូនប្រជាពលរដ្ឋ ដូចជាបញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាអំពើហិង្សាក្នុងគ្រួសារ បញ្ហាសំណង់អត់ច្បាប់ ជាពិសេសបញ្ហាដែលក្តៅគគុកនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅគឺទំនាស់ដីធ្លី ។
ប្រសាសន៍ជំរុញឲ្យមន្ត្រីក្រោមឱវាទបន្តនិរន្តភាពការងារបំរើផលប្រយោជន៍ប្រជាពលរដ្ឋនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោមវត្តមានលោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ , លោកអភិបាលរងខណ្ឌ និងមន្ត្រីក្រុមការងារក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌជាច្រើនអ្នកទៀត ។
ថ្លែងនៅក្នុងកិច្ចប្រជុំលោកអភិបាលខណ្ឌបានណែនាំឲ្យសង្កាត់ទាំង៨បន្តនិរន្តភាពធ្វើវេទិការសាធារណៈដោយមានសមាសភាពចម្រុះចូលរួមដើម្បីបញ្ចេញមតិពីបញ្ហាប្រឈម នានានៅក្នុងមូលដ្ឋាន បន្ទាប់យើងត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ។ ជាពិសេសបន្តដោះស្រាយបញ្ហាទំនាស់របស់ប្រជាពលរដ្ឋ និងបង្កើនការដោះស្រាយវិវាទដីធ្លីមិនត្រូវអូសបន្លាយពេលវេលាតទៅទៀត ត្រូវសើរើសំណុំរឿទំនាស់ដីធ្លីឡើងវិញព្រោះបញ្ហានេះជារឿងក្តៅគគុក នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។
បញ្ហាមួយទៀតគឺសំណង់អត់ច្បាប់កំពុងកើតនៅគ្រប់សង្កាត់ សូមឲ្យអស់លោកចៅសង្កាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ កុំចាំបាច់ឲ្យកម្លាំងជំនាញរបស់ខណ្ឌចុះទៅចាប់ ព្រោះទង្វើបែបនេះបង្ហាញថាអាជ្ញាធរសង្កាត់អសមត្ថភាពក្នុងការគ្រប់គ្រងការងាររដ្ឋបាលនៅមូលដ្ឋាន ។
ថ្មីៗមានផ្ទុះបាតុភាពរថយន្តដឹកដីធ្វើឲ្យខូចផ្លូវសាធារណៈ បង្កផលប៉ះពាល់មកលើប្រជាពលរដ្ឋ ចាក់ដីគ្មានច្បាប់ទំលាប់ នេះជាបញ្ហា១ទៀយបើឃើញមានត្រូវចាប់រថយន្តយកមករក្សាទុកនៅសាលាខណ្ឌ ព្រោះតំបន់ខ្លះគេហាមមិនឲ្យចាក់ ហើយផ្លូវមួយចំនួនហាមរថយន្តដឹកដីបើកឆ្លងកាត់ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំលោកអភិបាលខណ្ឌបានស្នើឲ្យគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ត្រូវបន្តការងារបំរើប្រជាពលរដ្ឋជាធម្មតាមិនត្រូវបាក់ចិត្តនោះឡើយ ៕ សណ្តោស