ក្លិប Southampton បានបណ្តេញលោក Claude Puel ចេញពីតំណែងគ្រូបង្វឹក ក្រោយពីដឹកនាំបានរយៈពេល១រដូវកាលមិនសូវបានទទួលលទ្ធផលល្អ។ តំណែងរបស់គ្រូបង្វឹកវ័យ៥៥ឆ្នាំរូបនេះបានស្ថិតក្នុងភាពស្រពេចស្រពិលជាយូរមកហើយ ខណៈដែលអ្នកគាំទ្រមួយចំនួនរបស់ក្លិប Southampton មិនពេញចិត្តជាមួយនឹងការដឹកនាំរបស់លោក ។
គ្រូបង្វឹកសញ្ជាតិបារាំងលោក Thomas Tuchel ជាអតីតអ្នកចាត់ការទូទៅរបស់ក្លិប Borussia Dortmund ត្រូវបានចូលកាន់តំណែងនៅកីឡដ្ឋាន St Mary’s របស់ក្លិប Southampton កាលពីរដូវកាលមុន។ ចំណែកគ្រូបង្វឹកដែលអាចនឹងជំនួសតំណែងលោកបានសម្រាប់រដូវកាលក្រោយមាន លោក Mauricio Pellegrino គ្រូបង្វឹករបស់ក្លិប Alaves និងលោក Jaap Stam គ្រូបង្វឹករបស់ Reading ដែលជាបេក្ខភាពដែលត្រូវពិចារណា។
ក្លិបSouthampton បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «គ្រប់គ្នាក្នុងក្លិប Southampton សូមសម្តែងនូវការអរគុណដល់លោក Claude ចំពោះការខិតខំរបស់លោក និងការប្តេជ្ញាចិត្តនៅឆ្នាំនេះ។ រដូវកាលមុននេះ បានផ្តល់នូវថ្ងៃដ៏គួរឲ្យចងចាំនៅកីឡដ្ឋាន Wembley ក្នុងពាន EFL Cup វគ្គផ្តាច់ព្រ័ត្រ ដែលជាថ្ងៃមួយដែលអ្នកគាំទ្ររបស់យើងនឹងតែងតែឲ្យតម្លៃ»។
សូមបញ្ជាក់ថា ក្រោយពីបានចូលរួមកាលពីខែមិថុនាជំនួសតំណែងរបស់លោក Koeman ដែលបានចាកចេញ លោក Puel បានដឹកនាំក្លិប Southampton បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ នៅលើតារាងក្របខ័ណ្ឌអង់គ្លេស Premier League និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន EFL Cup ដែលបានចាញ់ក្រុម Manchester United ក្នុងលទ្ធផល ៣-២៕ ដេវីត