ភ្នំពេញ៖ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូប បានបង្ហាញវត្តមានក្នុងខ្សែភាពយន្តរឿងភាគថ្មី របស់ទូរទស្សន៍PNNគឺរឿង«ពស់កេងកង»។ តួអង្គសំខាន់ពីររូបគឺកញ្ញា ឌួង ម៉ានិច និងលោក ទេព រិនដារ៉ូ បានបង្ហាញពីអារម្មណ៍រំភើបលាយឡំនឹងការភ័យរន្ធត់ គ្រាដែលបានថតខ្សែភាពយនុ្តដែលមានឈុតឆាកជាមួយពស់ថ្លាន់ទម្ងន់ជាង១០០គីឡូក្រាម។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែមិថុនានេះ ក្នុងឱកាសដែលពួកគេបានចូលរួមប្រកាសសម្ពោធចាក់បញ្ចាំងខ្សែភាពយន្តរឿងភាគខាងលើជាផ្លូវការនៅក្នុងបរិវេណសណ្ឋាគារភ្នំពេញ។
ដួងម៉ានិច រៀបរាប់ថា ខ្សែភាពយន្តរឿងពស់កេងកង នាងសម្តែងជាតួអង្គនាង នី ដែលមានទំនាក់ទំនងស្នេហាជាមួយពស់ថ្លាន់ និងសម្តែងដោយលោកទេព រិនដារ៉ូ ។ កញ្ញាថា មានឈុតឆាកសម្តែងជាមួយពស់ដ៏គួរឲ្យខ្លាចជាច្រើនឈុតឆាក មានទាំងឈុតឆាកឱបថើបពស់ និងដេកជាមួយពស់ជាដើម។ នាងថា នាងពិតជាខ្លាចពីដំបូង ប៉ុន្តែដោយការពន្យល់ពីផលិតករថាជាពស់ដែលត្រូវបានចិញ្ចឹមដោយអ្នកស្រុកម្នាក់មានអត្តចរិកស្លូតបូត ទើបនាងសម្រេចចិត្តប្រថុយ ហើយនាងសង្កេតឃើញថា ពស់នេះពិតជាស្លូត ហើយនាងកាន់តែមាននិស្ស័យ គ្រាដែលបានសម្តែងជាញឹកញាប់ជាមួយពស់នេះ។
នាងថា ជាការលះបង់មិនធ្លាប់មានសម្រាប់នាងក្នុងការសម្តែងភាពយន្តព្រោះ តែក្រៅពីសម្តែងជាមួយសត្វពស់ នាងក៏ត្រូវថតជាមួយឈុតឆាកក្នុងព្រៃនៅពេលយប់ជាច្រើនថ្ងៃ។ នាងថា ជាភាពយន្តភាគដែលមានគុណភាពល្អ និងគួរឲ្យចង់ទស្សនា ហើយនាងរំពឹងថា នឹងទទួលបានការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍PNN ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក ទេព រិនដារ៉ូវិញ បានបញ្ជាក់ថាទោះបីដើរតួជាតួអង្គពស់ ប៉ុន្តែលោកពិតជាខ្លាចខ្លាំងណាស់រហូតមិនហ៊ានទៅជិត ។លោកថា នេះគឺជាលើកទី២ហើយដែលលោកសម្តែងជាតួអង្គពស់ បន្ទាប់ពីលោកបានចូលរួមសម្តែងរឿងបែបនេះម្តងហើយជាមួយដៃគូអ្នកនាងអម្ពរទេវីកាលពីជាង១០ឆ្នាំមុន។ អ្វីដែលកាន់តែខ្លាងគឺពស់នេះមានទម្ងន់រហូតជាង១០០គីឡូក្រាម។ លោកថា ទាំងពស់តូច ឬធំលោកខ្លាចទាំងអស់ ហើយលោកសសើរកញ្ញា ដួង ម៉ានិចដែលហ៊ានសម្រេចចិត្តទទួលថតភាពយន្តមួយនេះ។ លោកបញ្ជាក់ដែរថា ជាភាពយន្តដែលមានរសជាតិថ្មីសម្បូរបែប និងមានបច្ចេកទេសផលិតខ្ពស់ ទើបលោកដាក់ក្តីរំពឹងខ្ពស់ថា ភាពយន្តនេះពិតណាស់នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងក្នុងពេលខាងមុខនេះ។
គួរបញ្ជាក់ដែរថា ក្រៅពីតារាសម្តែងប្រុសស្រីល្បីឈ្មោះទាំងពីររូបខាងលើនេះរឿង«ពស់កេងកង» ដែលមានចំនួន៣៨ភាគនេះ ក៏មានការចូលរួមសម្តែងពីតារាជាច្រើនទៀតដូចជា លោកជា សំណាង លោក ណាខន លោក តាចេក លោក រស់ វុទ្ធី កញ្ញា សក្កដា និងតារាសម្តែងជាច្រើនទៀតផងដែរ៕ វឌ្ឍនា