ភ្នំពេញ៖ រូបថតបង្ហាញពីអតីតកាលដ៏រស់រវើក និងគួរជាទីមោទនភាពស្តីអំពី«អ្នករាំល្ខោនហ្លួងក្រុងកម្ពុជាធិបតី» ត្រូវបានដាក់តាំងបង្ហាញទស្សនាជាសាធារណៈហើយនៅក្នុងបរិវេណវិទ្យាស្ថានបារាំង។
ការប្រកាសបើកឲ្យទស្សនានេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៥ ខែមិថុនានេះនៅក្នុងវិទ្យាស្ថានបារាំង ក្រោមវត្តមាន សម្តេចព្រះរាម បុប្ផា ទេវី មន្ត្រីស្ថានទូតបារាំងប្រចាំកម្ពុជា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ មុនពេលដាក់ឲ្យមានការចូលទស្សនាពិព័រណ៍ក៏មានការសម្តែងនូវរបាំល្ខោនហ្លួង ដែលមានការតុបតែងខ្លួនដូចគ្នាទៅនឹងល្ខោនហ្លួងនាសម័យដើមផងដែរ។
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានថ្លែងថា កន្លងទៅលោកស្រីធ្លាប់បានទស្សនារបាំក្បាច់បុរាណខ្មែរដែលធ្វើឲ្យលោកស្រីចងចាំបាននូវក្បាច់រាំដ៏អស្ចារ្យទាំងនោះ ។ លោកស្រីបញ្ជាក់ដែរថា កាលពីអំឡុងឆ្នាំ១៩២៧ លោកចាងហ្វាង សារមន្ទីរជាតិកម្ពុជា គឺលោក ហ្សក ហ្គ្រូសលឹយ៊េ បានរៀបចំចងក្រងឯកសារស្តីអំពីទម្រង់ក្បាច់បាតរបាំព្រះរាជទ្រព្យតាមរយៈការងារថតរូបក្បាច់ និមួយៗនៃក្រុមតួអង្គល្ខោនហ្លួងចាស់ៗ ប្រមាណ៩០០រូបថត។
លោកស្រីថាដើមឡើយរូបនេះ ហាក់គ្មានអ្នកណាចាប់អារម្មណ៍ ហើយភ្លេចចោលយ៉ាងយូតែក្រោយមកក្នុងពេលថ្មីៗនេះ ក៏បានរៀបចំចុះបញ្ជី និងស្កេនតាមលំដាប់លំដោយហើយបានរៀបចំពិព័រណ៍មួយក្នុងឆ្នាំ២០១៣។ រូបថតនេះក៏ត្រូវបានយកទៅធ្វើការដាក់តាំងពិព័រណ៍នៅក្រុងញូវយ៉ក ប៉ារីស សៀមរាប និងនៅវិទ្យាស្ថានបារាំងនៅពេលនេះ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ។
លោកស្រីអគ្គរដ្ឋទូត សាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជារូបនេះបញ្ជាក់ដែរថា គ្រានេះវិទ្យាស្ថានបារាំងបានរៀបចំឲ្យមានការដាក់តាំងបង្ហាញនូវរូបភាពធំ ច្បាស់ដែលងាយស្រួលដល់អ្នកចូលទស្សនា។ លោកស្រីបញ្ជាក់ថា តាមរយៈរបាំនេះបានឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃសិល្បៈវប្បធម៌ដ៏អស្ចារ្យ របស់កម្ពុជា៕ វឌ្ឍនា