ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនជនលក់ និងប្រើប្រាស់ថ្នាំញៀន២នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន នៅក្រុម១០ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ លី អាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតក្នុងភូមិ១ឧសភា ឃុំកំពង់បាយ ស្រុកកំពង់បាយ ខេត្តកំពត បច្ចុប្បន្នរស់នៅភូមិ១០ សង្កាត់ផ្សាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឈុន អាន ភេទប្រុស អាយុ១៦ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មន្ត្រីដដែលបានបន្តថា ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន១៥កញ្ចប់ ទម្ងន់៤.៤៥ក្រាម និងទូរស័ព្ទដៃ២គ្រឿងផង។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីចាត់ការបន្ត៕ ឆ្លាម សមុទ្រ


ចែករំលែក៖