ខេត្តតាកែវ៖ បច្ចុប្បន្នប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តតាកែវ ដែលមានមុខរបរដឹកទំនិញឆ្លងដែនបន្តិចបន្តួចតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា វៀតណាម កំពុងប្រឈមនឹងការគំរាមទារលុយពីលោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន និងក្រុមបក្ខពួក ទាំងបទល្មើសតូចធំដែលនៅតាមខ្សែបន្ទាប់ព្រំដែន ក្នុងខេត្តតាកែវ ដែលប្រកបរបរកស៊ីដោយប្រជាពលរដ្ឋរស់នៅស្របព្រំដែនកម្ពុជា វៀតណាមបានលើកឡើងថា ការប្រកបមុខរបររបស់ពួកគាត់ ត្រូវបានលោកឧត្តមសេនីយ៍ទោ រស់ សុខធឿន និងបក្ខពួករបស់ពួកគាត់គំរាមទារប្រាក់ក្នុងការនាំទំនិញចូលមកពីប្រទេសវៀតណាម តាមរយះរថយន្តដែលមានទំនិញចាប់ហ៊ួយជាដើម ត្រូវបានលោកឧត្តមសេនីយ៍ទោ រស់ សុខធឿន គំរាមទារប្រាក់ ១លានរៀល ដល់ ៥លានរៀល ក្នុងមួយរថយន្ត។ ចំណែកអ្នកដឹកតាមទូកវិញត្រូវបានគេតម្រូវឲ្យបង់ប្រាក់ចាប់ពី៣០ម៉ឺនទៅ ១លានរៀល ។
បច្ចុប្បន្នក្រុមប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តតាកែវ បានស្នើសុំអោយអាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ ឬក៏ត្រួតពិនិត្យចំពោះលិខិតបេសកកម្មរបស់ឧត្តមសេនីយ៍ទោ រស់ សុខធឿន ដែលបានបំពេញទួនាទី ភារកិច្ចចុះបង្រ្កាបទប់ស្កាត់បទល្មើសនានា ជាពិសេសសំណង់អនាធិបតេយ្យតាមខ្សែបន្ទាប់ព្រំដែន ចុះហេតុអ្វីបានជាពួកគាត់មកគំរាមទារប្រាក់ពីពួកគាត់ដែលប្រកបមុខរបរបន្តិចបន្ទួចនេះទៅវិញ។
គួរបញ្ជាក់ថា យោងតាមលិខិតបង្គាប់ការមួយច្បាប់ ដែលចុះហត្ថលេខា ដោយលោកឌុល គឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ រស់ សុខធឿន រួមទាំងមន្ត្រីជំនាញ៥រូបទៀត ចុះទៅកាន់ខេត្តចំនួន៧ មានដូចជា តាកែវ ព្រះសីហនុ កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៧ ក្នុងគោលដៅដើម្បីត្រួតពិនិត្យ សន្តិសុខ សណ្តាប់ធ្នាប់ ការបង្ក្រាបបទល្មើស ការសាងសង់សំណង់ និងប៉ុស្តិ៍អនាធិបតេយ្យនានា នៅតាមខ្សែបន្ទាប់ព្រំដែន។
ជុំវិញករណីខាងលើ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន បានទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា លោកបានហៅកម្លាំងរបស់លោក រស់ សុខធឿន មកអប់រំ ណែនាំម្តងរួចមកហើយ ប៉ុន្តែដោយសារតែលោក រស់ សុខធឿន អាងខ្នងបង្អែកថ្នាក់លើធំ មិនស្តាប់ការណែនាំរបស់អាជ្ញាធរខេត្ត បែរជាធ្វើឲ្យមានការល្អក់កករថ្នាំងថ្នាក់ចិត្ត ឬក៏មានការទទូចសុំពីក្រុមអាជីវករ និងប្រជាពលរដ្ឋមកដល់អាជ្ញាធរខេត្ត ។
លោកបានបន្តទៀតថា លិខិតបេសកកម្មរបស់លោក ឧត្តមសេនីយ៍ទោ រស់ សុខធឿន គឺមកមើលសំណង់អនាធិបតេយ្យនៅតាមខ្សែបន្ទាត់ព្រំដែនតែប៉ុណ្ណោះ មិនអនុញ្ញាតអោយគាបសង្កត់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់ រឿងយកលុយយកកាក់ពាក់ព័ន្ធបញ្ហារកស៊ីដឹកទំនិញឆ្លងដែនបន្តិចបន្ទួចនោះទេ។
ក្រោយពេលដែលលោក ទទួលបានដំណឹងនេះ លោក នឹងកោះអញ្ជើញលោកឧត្តមសេនីយ៍ទោ រស់ សុខធឿន រួមទាំងបក្ខពួកមកបំភ្លឺនៅសាលាខេត្ត៕ ភ្នំដា