ព័ត៌មានទាន់ហេតុការណ៍៖

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះអនុស្សរណៈយោគយល់គ្នា (MOU)ជាមួយសាកលវិទ្យាល័យ Canada West នៃប្រទេសកាណាដា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជា​មួយសាកលវិទ្យាល័យ​ Canada West មកពីប្រទេសកាណាដា ក្រោម​អធិបតី​ភាព​​ឯក​ឧត្តម​ លី​ ឆេង​ អគ្គ​នាយកប៊ែលធី​គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ​​​​​​​​​​​​​​ និងលោកបណ្ឌិត Arthur Corenសាកលវិទ្យាធិការសាកលវិទ្យាល័យ Canada West នៃប្រទេសកាណាដា។

លោក លី ណាវុឌ្ឍ អគ្គនាយករងប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការរងទី១ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា៖ គោលបំណងនៃការចុះ MOU នេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិ ដូចជាការផ្លាស់ប្តូរកម្មវិធីសិក្សា បទពិសោធន៍ពីគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរនិសិ្សត និងទស្សនកិច្ចសិក្សាផ្សេងៗ តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ ដែលមានបម្រើសេវាកម្មធំៗ ចំនួន ០៣ រួមមាន៖

១.បញ្ជូនសិស្ស-និស្សិតប៊ែលធីពូកែ និងសិស្សនិទ្ទេសA ទៅសិក្សានៅក្រៅប្រទេសតាមរយៈអាហារូបករណ៍ឧកញ៉ា លី ឆេង

២.បញ្ជូនសិស្ស-និស្សិតកម្ពុជាទូទៅទូទាំងប្រទេស ទៅសិក្សានៅក្រៅប្រទេស តាមរយៈការទទួលខុសត្រួវលើកការបង់ថ្លៃសិក្សា និងការចំណាយលើការស្នាក់នៅផ្សេងៗ

៣.បញ្ជូន​បុគ្គលិក និងសិស្ស-និស្សិត ទៅធ្វើទស្សនកិច្ចក្រៅប្រទេស

តាមរយៈ អាហារូបករណ៍ឧកញ៉ា លី ឆេង ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូនសិស្ស-និស្សិតទៅសិក្សានៅក្រៅប្រទេសសរុប ចំនួន ៥៦នាក់ ក្នុងនោះ ចក្រភពអង់គ្លេស ១០នាក់, អាមេរិក ០១នាក់, សិង្ហបុរី ៣៧នាក់, ចិន ០៥នាក់​, ថៃ ០៣នាក់ និង និស្សិត អាហារូបករណ៍ឧកញ៉ា លី ឆេង ចំនួន ០៦នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

លោកបានមានប្រសាសន៍បន្ថែមថា៖ កន្លងមក សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU ជាមួយសាកលវិទ្យាល័យល្បីៗនៅក្រៅប្រទេស ចំនួន៣២ រួចមកហើយរួមមាន៖

​-ទី១៖​ប្រទេសអង់គ្លេស ចំនួន៥៖​១.សាកលវិទ្យាល័យ Regent’s University London, ២.សាកលវិទ្យាល័យ York Saint John, ៣.មហាវិទ្យាល័យ Cambridge Tutors College,​ ៤.Springboard4Cambodia, និង៥.មជ្ឈមណ្ឌលតេស្តអន្តរជាតិ IELTS។

​-ទី២៖​សហរដ្ឋអាមេរិក ចំនួន៥៖ ១.មហាវិទ្យាល័យ Shoreline Community College, ២. Edmonds Community College, ៣. Education First (EF), ៤. McGraw Hill Education និង៥. មជ្ឈមណ្ឌលតេស្តអន្តរជាតិ TOEFL​​។

​-ទី៣៖​ប្រទេសសិង្ហបូរី ចំនួន១ គឺវិទ្យាស្ថាន East Asia Institute of Management (EASB)។

​-ទី៤៖​ប្រទេសចិនចំនួន១០៖១.សាកលវិទ្យាល័យ Guangxi Medical, ២.Guangxi University of Foreign Languages, ៣.Guangxi University of Nationalities, ៤.Guilin University of Technology, ៥.Guilin University of​ Aerospace Technology, ៦.Guilin Institute of Tourism, ៧.Youjiang Medical​ University for Nationalities, ៨.Guizhou Medical University,៩.សាកលវិទ្យាល័យ WUHAN និង១០.សាកលវិទ្យាល័យ Guangxi Teachers Education។

​-ទី៥៖​ប្រទេសកូរ៉េ ចំនួន៣៖ ១.អង្គការសម្ព័ន្ធយុវជនអន្តរជាតិ IYF, ២.សាកលវិទ្យាល័យ Sangmyung និង ៣.សាកលវិទ្យាល័យ SUNY KOREA INCHEON។

​-ទី៦៖​ប្រទេសជប៉ុន ចំនួន២ គឺសាកលវិទ្យាល័យ​ HOSEI និងសាកលវិទ្យាល័យ Fukui។

​-ទី៧៖​ប្រទេសម៉ាឡេស៊ី ចំនួន២​៖ ១.សាកលវិទ្យាល័យ Kuala Lumpur University, និង ២.សាកលវិទ្យាល័យ Taylor University។

-ទី៨៖​ប្រទេសថៃ ចំនួន៤៖ ១.សាកលវិទ្យាល័យ ASSUMPTION, ២.សាកលវិទ្យាល័យ Bangkok, ៣.University of the Thai Chamber of Commerce, និង ៤.សាកលវិទ្យាល័យ RAJAMANGALA។

​ថ្ងៃនេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះ MOU បន្ថែមមួយទៀតជាមួយសាកលវិទ្យាល័យ Canada West នៃប្រទេសកាណាដា។

បន្ទាប់មក​លោកបណ្ឌិត Arthur Coren សាកលវិទ្យាធិការសាកលវិទ្យាល័យCanada West បាន​មានប្រសាសន៍ថា៖​ លោក​ពិតជាមាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ដែលសាកលវិទ្យាល័យរបស់លោកបានចុះ MOU ជាមួយសាកលវិទ្យាល័យ​ ប៊ែលធី​ អន្តរ​ជាតិដែលជា​សាកលវិទ្យាល័យមួយដែលមាន​កម្ម​វិធី​សិក្សាជា​​លក្ខណៈ​​អន្តរ​ជាតិ​ និង​ជា​គ្រឹះ​ស្ថាន​អប់រំ​ឯក​ជន​មួយ​​ដែលមានកេរិ៍្តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។​

ក្នុង​ឱ​កាស​នោះ​ដែរ លោក​ លី​ ឆេង​ អគ្គ​នាយក​ប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន​មានប្រសាសន៍ថា៖ ​ថ្ងៃ​នេះ​សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ បាន​ចុះ​ MOU បន្ថែម​មួយ​ទៀត​ ជា​មួយ​នឹងសាកលវិទ្យាល័យ Canada West មកពីប្រទេសកាណាដា។ ការចុះ MOU នេះ សាកលវិទ្យាល័យទាំងពីរនឹងទទួលបានភាពជាដៃគូយ៉ាងជិតស្និត​ និងការសហការគ្នាយ៉ាងល្អរវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងជាពិសេសផ្តល់ឱកាសជូនដល់សិស្ស-និស្សិតកម្ពុជាឲ្យទៅសិក្សានៅទីនោះ សំដៅធ្វើយ៉ាងណាឲ្យសិស្ស-និស្សិតទទួលបាននូវ​​ចំណេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹង និងជំនាញ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ និងក្លាយខ្លួនជា​អ្នក​ដឹក​នាំដ៏ល្អទៅថ្ងៃអនាគត។​

ជា​ទី​បញ្ចប់​ លោក​ លី ឆេង​ និង​លោកបណ្ឌិត Arthur Coren ​បាន​ចុះ​ MOU ​ ​និង​បាន​ប្រគល់​វត្ថុ​អនុស្សាវ​រីយ៍​ ជូន​គ្នា​ទៅ​វិញ​ទៅ​មកនា​ពេល​នោះ​ផង​ដែរ ៕ ស រស្មី


ចែករំលែក៖